NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។

ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម)

សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម)

ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។

លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។

យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

- Video Advertisement -