សម្ដេច៖ បើទៅរួច ខ្មែរចង់ធ្វើហេដ្ឋារចនាសម្ព័ន្ធដោយថវិកា និងដៃខ្លួនឯងផ្ទាល់ ព្រោះខ្មែរអាចធ្វើបាន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ខ្មែរនឹងព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយថវិកា និងស្នាដៃខ្លួនឯងផ្ទាល់ ដោយនឹងពឹងបរទេស ឬដៃគូអភិវឌ្ឍឱ្យតិចតួចបំផុត បើទៅរួច ព្រោះសម្ដេចថា «ខ្មែរអាចធ្វើបាន»។

សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូ នេះ។

សម្ដេចថា៖ «ជាក់ស្ដែង កម្ពុជាតែងតែសន្សំថវិកាជាបន្ដបន្ទាប់ ទិសដៅដើម្បីទុកកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា ដោយខ្លួនឯង។ លុយខ្លួនឯង ចង់ធ្វើកន្លែងណា ពេលណា ក៏បាន។ តួយ៉ាងដូចជា ផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ និង ៣៨ខ្សែ នៅសៀមរាប គឺជាថវិការបស់រដ្ឋផ្ទាល់តែម្ដង»។

«ប៉ុន្តែកូវីដ បានមកឆកយកថវិកាជាង ២៣០០ លានដុល្លារ។ ដូច្នេះ យើងត្រូវបន្ដសុំជំនួយពីដៃគូបរទេសសិន» សម្ដេចបានបន្ដ។

លើសពីនេះ សម្ដេចបញ្ជាក់ទៀតថា រាល់ឧបករណ៍ សម្ភារៈ និងបច្ចេកវិទ្យាដែលយកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ត្រូវតែប្រើរបស់ទំនើប មិនប្រើរបស់ចាស់សល់ពីគេទេ ជាក់ស្ដែងដូចជាប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុគឺប្រើបច្ចេកវិទ្យាថ្មីបំផុតពីអ៊ីស្រាអែល ព្រោះទឹកដែលចម្រោះរួចហើយអាចចិញ្ចឹមត្រីបាន។

«យើងធ្លាប់មានបទពិសោធន៍ហើយ យករបស់ចាស់ពីអឺរ៉ុបមកប្រើ ដល់ពេលខូច រកគ្រឿងបន្លាស់មិនបាន។ ឥឡូវត្រូវតែប្រើរបស់ថ្មី និងបច្ចេកវិទ្យាថ្មី ព្រោះខ្មែរអាចធ្វើបាន» សម្ដេចបានបន្ដ។

- Video Advertisement -