ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។

កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។

ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC បានពិន័យក្រុមហ៊ុន PwC Zhong Tian ជាប្រាក់ចំនួន ៤៤,៦ លានដុល្លារអាមេរិក លើការធ្វើសវនកម្មបរាជ័យ សម្រាប់របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២០របស់ក្រុមហ៊ុន Evergrande ។ ថែមពីលើនេះ ក្រសួងហិរញ្ញវត្ថុបានពិន័យបន្ថែមចំនួន ១៥,៩ លានដុល្លារអាមេរិក សម្រាប់ការធ្វើមិនបានល្អ ក្នុងត្រួតពិនិត្យសវនកម្មលើរបាយការណ៍ឆ្នាំ ២០១៨។

ការផាកពិន័យនេះ បើគិតទៅ គឺស្មើនឹង ១០ ដងនៃថ្លៃសេវាសវនកម្មដែលក្រុមហ៊ុន PwC គិតថ្លៃពីការផ្តល់សេវាសវនកម្មទៅលើករណីក្ស័យធនរបស់ក្រុមហ៊ុន Evergrande នេះ។

មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្អាក PwC Zhong Tian ពីប្រតិបត្តិការរយៈពេលប្រាំមួយខែ និងដកហូតការចុះបញ្ជីសាខាក្វាងចូវរបស់ខ្លួន រួមជាមួយនឹងការបណ្តេញដៃគូចំនួនប្រាំមួយស្ថាប័ន និងបុគ្គលិកប្រាំនាក់ដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសវនកម្មរបស់ Evergrande។

ការប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុរបស់ Evergrande គឺជាករណីសិក្សាសំខាន់។ អង្គភាពសំខាន់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande នេះ  គឺក្រុមហ៊ុន Hengda Real Estate ត្រូវបានគេរកឃើញថា បានបំភ្លៃទិន្នន័យអំពីការលក់ ៧៩,៤ពាន់លានដុល្លារ និងបំភ្លៃព័ត៌មានអំពីប្រាក់ចំណេញលើសចំនួន ១៣ពាន់លានដុល្លារ ដែលនាំឱ្យមានការធ្លាក់ចុះ នេះបើយោងតាម ​​CSRC ។ ភាពមិនស្របគ្នាទាំងនេះ ដែលត្រូវបានរកឃើញបន្ទាប់ពីក្រុមហ៊ុន PwC បានលាលែងពីតំណែងជាសវនកររបស់ Evergrande ក្នុងខែមករា ឆ្នាំ ២០២៣ ដោយសារការមិនចុះសម្រុងគ្នាលើគំហើញនៃរបាយការណ៍សវនកម្មហិរញ្ញវត្ថុ។ ការណ៍នេះ បានគូសបញ្ជាក់ពីអសុក្រឹតភាពនៃសវនកម្មរបស់ក្រុមហ៊ុន។

ប្រធានក្រុមហ៊ុន PwC លោក Mohamed Kande បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការបំពេញគុណផលរបស់ក្រុមហ៊ុន  PwC Zhong Tian ដោយហៅការងារសវនកម្មនេះថា “មិនអាចទទួលយកបានទាំងស្រុង” ។ លោកបានបន្ថែមថា “ការងារដែលអនុវត្តដោយក្រុមសវនកម្ម Hengda របស់ PwC Zhong Tian បានលទ្ធផលក្រោមការរំពឹងទុក របស់យើង។ រឿងបែបនេះ មិនដែលកើតមាននៅ PwC ទេ”។

លោក Kande បានធានាថា PwC បានផ្តួចផ្តើមកម្មវិធីកែលម្អនិងពង្រឹងប្រតិបត្តិការសម្រាប់សាខា PwC នៅក្នុងប្រទេសចិនរបស់ខ្លួនជាថ្មី និងកសាងទំនុកចិត្តជាមួយភាគីពាក់ព័ន្ធឡើងវិញ។

ទោះមានការអះអាងបែបនេះក្តី បញ្ហារបស់ PwC មិនទាន់ចប់ត្រឹមនេះទេ ដោយសារតែក្រុមប្រឹក្សារបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង (AFRC) ក៏កំពុងបន្តការស៊ើបអង្កេតរបស់ខ្លួនលើការងារសវនកម្មរបស់ PwC ដែលទាក់ទងនឹងគណនីរបស់ Evergrande សម្រាប់ឆ្នាំ ២០២០ផងដែរ។ ការស៊ើបអង្កេតរបស់ AFRC នឹងស្វែងយល់កាន់តែស៊ីជម្រៅទៅលើការអនុវត្តសវនកម្មឆ្លងដែនរបស់ក្រុមហ៊ុន PwC កន្លងមក។ ករណីនេះ ឆ្លុះបញ្ចាំងអំពីតួនាទីរបស់សវនករ ជាអ្នកការពារតម្លាភាពផ្នែកហិរញ្ញវត្ថុ ជាពិសេសសម្រាប់វិស័យសំខាន់ៗនិងតួអង្គស្នូលធំៗរបស់សេដ្ឋកិច្ច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]