Regional “Cambodia Property Show” series forges path for offshore sales
វិធានការត្រជាក់ និងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារអចលនទ្រព្យនៅសិង្ហបុរី បានធ្វើឲ្យវិនិយោគិននាំគ្នាទៅចូលរួមកម្មវិធីបើកសម្ពោធ “ពិពណ៌អចលនទ្រព្យកម្ពុជា” ដែលរៀបចំឡើងនៅសណ្ឋាគារ Marriott ប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន។ ការតាំងបង្ហាញនេះ គឺជាការសហការណ៍គ្នាមួយទៀតរវាងវេបសាយអចលនទ្រព្យដែលនាំមុខរបស់កម្ពុជា Realestate.com.kh និងបណ្តាញអចលនទ្រព្យដែលនាំមុខគេនៅអាស៊ី the Property Guru Group។
សុន្ទរកថាបើករបស់ឯកឧត្តម ជេដ្ឋ ណារ៉េន ឯកអគ្គរាជទូតនៃស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានសង្កត់ធ្ងន់ថា “ប្រទេសកម្ពុជាមិនត្រឹមតែជាប្រទេសដែលសម្បូរនូវបេតិកភណ្ឌវិសេសវិសាល (ដូចជាអង្គរវត្ត) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយប្រទេសកម្ពុជាបានផ្តោតលើការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ”។
ក្រុមហ៊ុនអភិវឌ្ឍឈានមុខគេនៅក្នុងប្រទេសកម្ពុជាចំនួនពីរ Silvertown Metropolitan និង Eastland Development បានផ្តួចផ្តើមដើម្បីបង្ហាញពីវិស័យអចលនទ្រព្យនៅកម្ពុជា និងគម្រោងរបស់ខ្លួនទៅកាន់អ្នកចូលរួមជាង ២៥០នាក់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
អ្នកដែលធ្វើបទបង្ហាញទៅកាន់វិនិយោគិនប្រកបដោយសក្តានុពល ដែលចាប់អារម្មណ៍ស្វែងយល់ពីទីផ្សារក្នុងស្រុករបស់កម្ពុជា គឺលោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eastland Development (HK) Ltd; លោក Ly Senleap នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FUGI Investment; លោក Alfred Chia នាយកប្រតិបត្តិក្រុមហ៊ុន SingCapital Pte Ltd; លោក Guillaume Massin នាយកគ្រប់គ្រង និងជាដៃគូរបស់ក្រុមហ៊ុន DFDL Cambodia; លោក Vic Boyle នាយកផ្នែកលក់នៃ Realestate.com.kh; លោក Simon Vancliff នាយកផ្នែកការវិនិយោគ និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ING Holdings; លោក Allen Prak ទីប្រឹក្សាច្បាប់ នៃ P&A Asia Law Office និងលោក Tom O’Sullivan ប្រធាននិងជានាយកប្រតិបត្តិរបស់ Realestate.com.kh ។
លោក Sam Yang មកពីក្រុមហ៊ុន Eastland Development បានលើកឡើងថា “ការចូលរួមទាំងពីរថ្ងៃនៅក្នុងការតាំងពិពណ៌បង្ហាញអចលនទ្រព្យកម្ពុជាកាលពីចុងសប្តាហ៍មុននោះ ព្រមទាំងការលក់នៅតាមគេហទំព័រ និងការដែលជនជាតិសិង្ហបុរីជាង ២៥នាក់ បានកក់ការធ្វើដំណើរ និងការទស្សនាមកកាន់តំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនយើងខ្ញុំនៅក្នុងប្រទេសកម្ពុជា គឺជាភស្តុតាងបញ្ជាក់ថា ឥឡូវនេះវិនិយោគិនសិង្ហបុរីបានចាត់ទុកប្រទេសកម្ពុជា ជាទីកន្លែងសម្រាប់ការវិនិយោគប្រកបដោយភាពរីកចម្រើន”។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Lee Winston ប្រធានប្រចាំតំបន់នៃគម្រោងថ្មីនៅ Property Guru និងលោក Tom O’Sullivan ប្រធាន និងជានាយកប្រតិបត្តិរបស់ Realestate.com.kh លោក O’Sullivan បានកត់សម្គាល់ថា “ការសហការគ្នារវាង Property Guru និង Realestate.com.kh បានអនុញ្ញាតឲ្យពួកយើងនាំយកនូវគម្រោងក្នុងស្រុករបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយយើងសង្ឃឹមថា ភាពជោគជ័យក្នុងការលក់ និងការចាប់អារម្មណ៍លើ “ពិពណ៌អចលនទ្រព្យកម្ពុជា” ដំបូងនេះ នឹងលើកទឹកចិត្ដអ្នកអភិវឌ្ឍន៍បន្ថែមទៀត ឲ្យចូលរួមនៅក្នុងការតាំងពិពណ៌អចលនទ្រព្យតំបន់របស់ PropertyGuru នៅក្នុងពេលខាងមុខ ហើយវិនិយោគិនសិង្ហបុរីកាន់តែច្រើនឡើង នឹងពិចារណាអំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា”។
វិនិយោគិនសិង្ហបុរីម្នាក់ ដែលបានចូលរួមក្នុងពិពណ៌ ២ ថ្ងៃបានរៀបរាប់ថា “កម្ពុជាបង្ហាញពីសំណើគួរឲ្យទាក់ទាញដល់វិនិយោគិន ហើយផលចំណេញត្រឡប់មកវិញ គឺគួរឱ្យទាក់ទាញច្រើនជាងនៅសិង្ហបុរី ប៉ុន្តែបណ្តាប្រទេសជិតខាង ឧទាហរណ៍ថៃ ក៏មានភាពទាក់ទាញនេះដែរ” លោកបានបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាការធ្វើឲ្យប្រសើរឡើងនូវផ្លូវម៉ូតូ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ និងបណ្តាញផ្លូវរថភ្លើង នឹងបន្ថែមទំនុកចិត្តដល់វិនិយោគិនបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ថានឹងដំណើរការទៅមុខ”។
លោកអ្នកនៅតែអាចទទួលបាននូវការបញ្ចុះតម្លៃសម្រាប់ការចូលរួមក្នុង “ពិពណ៌ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើន” នៅក្នុងប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ដល់ទី ៩ ខែតុលា ឆ្នាំ២០១៦។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួម ឬបង្ហាញនូវគម្រោងអភិវឌ្ឍន៍ថ្មីរបស់លោកអ្នក អាចចូលទៅកាន់ ឬទំនាក់ទំនងមកកាន់ Realestate.com.kh តាមរយៈលេខ 095911466, 069 436756 ឬ 017 436756, ឬ អ៊ីម៉ែល info@realestate.com.kh។

