គ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA នឹងបង្ហាញខ្លួននៅកម្ពុជា ឆាប់ៗ
គ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA គ្រោងនឹងបង្ហាញខ្លួននៅកម្ពុជា ក្នុងអំឡុងសប្ដាហ៍ក្រោយ នៅឯផ្សារ SCG Design Village នៅឯខណ្ឌសែនសុខ។
បើយោងតាម SCG Design Village ក្នុងជំហានដំបូង វត្តមានរបស់IKEA គឺគ្រាន់តែជាការនាំយកផលិតផលIKEA មកលក់ក្នុង SCG Design Village តែប៉ុណ្ណោះ ដោយមិនទាន់មានការបើកការហាងIKEA ផ្ទាល់នោះទេ។
យ៉ាងណាមិញ បើទីផ្សារចាប់អារម្មណ៍ខ្លាំង ក្រុមហ៊ុនអាចនឹងពិចារណាបើកហាង IKEA នៅជំហានបន្ទាប់។
គួរបញ្ជាក់ថា ផ្សារទំនើប Design Village នេះ គឺជាផ្សារដំបូង និងនាំមុខគេនៅកម្ពុជា ដែលលក់ផលិតផល និងផ្តល់សេវាពេញលេញគ្រប់ជ្រុងជ្រោយទាក់ទងនឹងផ្ទះ សម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅថា home & living one-stop shop។
ផ្សារនេះ ជាការវិនិយោគរួមក្រុមហ៊ុនធំៗ ២ នៃប្រទេសថៃ SCG និង Boonthavorn ដែលបានបើកដំណើរការ កាលពីថ្ងៃទី ៩ កញ្ញា ២០២១ កន្លងទៅ នៅលើបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់សែនសុខ។ (អានបន្ថែម)