រយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ
ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម)
អានបន្ថែម