កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ
គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ វឌ្ឍនភាពនៃគម្រោងសាងសង់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ ខែតុលា។ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨។ កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសថ្នាក់ដឹកនាំបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួន ដើម្បីស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់
អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។ គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ ( លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។ លោក Pham Ha មានប្រសាសន៍ថា៖ «វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាមទៅលេងកន្លែងនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង។
អានបន្ថែមចិនផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវានៅមូលដ្ឋានសមុទ្ររាម
ប្រទេសចិនបានសម្រេចផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើទំនើកម្មកងទ័ពជើងទឹកនៅកម្ពុជា។ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នឹងជួយលើកកម្ពស់វិស័យការពារជាតិ ជាពិសេសកងទ័ពជើងទឹកឱ្យមានសមត្ថភាពឡើងមួយកម្រិតថែមទៀត។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនបាននិយាយថា គម្រោងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម គឺជាលទ្ធផលនៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នារវាងភាគីទាំងពីរ ស្របតាមច្បាប់ក្នុងស្រុកនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។
អានបន្ថែម