UN និងកូរ៉េ គ្រោងសាងសង់ទីក្រុងអណ្ដែតទឹកដំបូងគេលើលោកឆ្លើយតបនឹងបញ្ហាជន់លិច

ទីក្រុងអណ្តែតទឹកដំបូងគេលើពិភពលោក គ្រោងនឹងសាងសង់ឡើងនៅទីក្រុង Busan ដែលជាទីក្រុងកំពង់ផែសំខាន់ នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Global Construction Review កាលពីសប្តាហ៍មុន។

នៅពេលបញ្ចប់ការសាងសង់ ទីក្រុងអណ្តែតទឹកនេះ នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់បណ្តាទីក្រុងតាមឆ្នេរសមុទ្រដទៃនៅជុំវិញពិភពលោក ដែលកំពុងជួបនឹងហានិភ័យជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ ព្រោះទីក្រុងនេះគឺអណ្ដែតតាមកម្រិតទឹក។

គម្រោងទីក្រុងអណ្តែតទឹកនេះ ជាកិច្ចសហការរបស់ភាគី ៣ ធំៗ គឺអង្គការសហប្រជាជាតិ UN-Habitat ក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Oceanix និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយភាគីទាំង ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ។

សម្រាប់ ដំណាក់កាលដំបូង តម្លៃគម្រោងនេះត្រូវបានប៉ាន់ប្រមាណថាប្រមាណ ២០០លានដុល្លារ ដោយទីក្រុងអណ្តែតទឹកទី១ រំពឹងថានឹងលេចរូបរាងនៅឆ្នាំ២០២៥ ខាងមុខ។

បើតាមផែនការ ភាគីទាំង ៣ គ្រោងនឹងបង្កើតទីក្រុងសរុបដល់ទៅ ៧៥ ហិកតា ដែលអាចផ្ទុកប្រជាជនចំនួន ១០ ០០០ នាក់។

លោកស្រី Itai Madamombe សហស្ថាបនិកនៃ Oceanix បានឱ្យដឹងថា គម្រោងនេះនឹងក្លាយជាគំរូដ៏សំខាន់ សម្រាប់ទីក្រុងឆ្នេរសមុទ្រផ្សេងៗទៀតជុំវិញពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា គម្រោងនេះក៏នឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំUN នៅខែមេសា ឆ្នាំ ២០២២ ផងដែរ ដោយ Oceanix ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលប្រមាណ ១០ ប្រទេស អំពីការកសាងទីក្រុងបណ្តែតទឹកបន្ថែមទៀតផងដែរ។

- Video Advertisement -