WB៖ ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះធ្វើ ជាចលករធំ ៣ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ធនាគារពិភពលោក កាលពីថ្មីៗនេះ បានឱ្យលើកឡើងថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់ ៣ ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។

ជាក់ស្ដែង ធនាគារពិភពលោកផ្ទាល់ ក្រោមការសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។

LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូនប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដែលមកទល់បច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ (អានបន្ថែម)

ក្រៅពីផ្ដល់ដីធ្លីដល់ពលរដ្ឋក្រីក្រ LASED ក៏រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងស្នាក់ការសហគមផងដែរ។ លើសពីនេះ កម្មវិធីក៏មានការបង្វឹកដល់ប្រជាពលរដ្ឋពីចំណេះធ្វើ ពិសេសលើវិស័យកសិកម្ម ដើម្បីឱ្យពួកគេប្រើប្រាស់ដីដោយមានប្រសិទ្ធិភាព និងអាចចិញ្ចឹមជីវិតបាន។

មកទល់បច្ចុបន្ន តាមរយៈជំហានទី ១ និងទី ២ ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។

កាលពីខែ មិថុនា ឆ្នាំ ២០២០ កន្លងមកនេះ ធនាគារពិភពលោក ក៏ទើបបានអនុម័តទឹកប្រាក់ ៩៣ លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល ៦ ឆ្នាំបន្តទៀត។ ជំហានទី៣ នេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដោយនឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាពនៃគម្រោងខាងលើនេះ លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៃធនាគារពិភពលោក បានលើកឡើងថា ប្រជាពលរដ្ឋគោលដៅ លើកឡើងពីអត្ថប្រយោជន៍ផ្តល់ដោយគម្រោង LASED នេះ។

លោកស្រីមានប្រសាសន៍ថា ៖ «ការរួមបញ្ចូលគ្នានៃកម្មសិទ្ធិដីធ្លី ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងជំនាញចិញ្ចឹមជីវិតនេះអាចផ្តល់អត្ថប្រយោជន៍ទាំងភ្លាមៗ និងរយៈពេលវែង។ ប្រជាជននៅទីនេះ និងក្រុមការងារបានខិតខំធ្វើយ៉ាងណាឱ្យជោគជ័យលើការវិនិយោគមួយនេះ»។

- Video Advertisement -