WB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ

មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។​

ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។

សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច

សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងពីបញ្ហាប្រឈមដែលតាមពិតកម្ពុជាបានប្រឈមតាំងតែពីមុនពេលមានវិបត្តិសកលទៅទៀត ដូចជាឧបសគ្គការិយាធិបតេយ្យដ៏ស្មុគស្មាញជាដើម។ អ្នកស្រី លឹម វីរីយ៉ា សហស្ថាបនិក LM. LIMA Angkor Food កត់​សម្គាល់​ពី​ផល​ប៉ះ​ពាល់​យ៉ាង​ទូលំ​ទូលាយ​ពីបញ្ហានេះលើ​អាជីវកម្ម​ដោយ​លើក​ឡើង​ថា “ការិយាធិបតេយ្យ​ដ៏​ស្មុគស្មាញ… ក្នុង​ប្រព័ន្ធ​ពិបាក​នឹង​ដោះ​ស្រាយ ដែល​ធ្វើ​ឱ្យ​មនុស្ស​មិនសូវចង់ហ៊ាន​ធ្វើ​អាជីវកម្ម។ (ពួកគេ) ឃើញម្ចាស់អាជីវកម្មផ្សេងទៀតបិទទ្វារ និងខាតបង់លុយកាក់ ដោយសារឱកាសមិនស្មើគ្នានៅក្នុងវិស័យអាជីវកម្ម”។

លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ទទួលស្គាល់បញ្ហាប្រឈម និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការសម្រួលដល់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។

លោកបានមានប្រសាសន៍ថា “សហគ្រាសធុនតូច និងមធ្យមទាំងអស់តែងតែមានបញ្ហាប្រឈមធំៗទាក់ទងនឹងការទទួលបានទីផ្សារ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងព័ត៌មាន។ ប៉ុន្តែ
​រដ្ឋាភិបាល​បាន​ដឹង​រួច​ហើយ​អំពី​បញ្ហា​ទាំង​អស់​នេះ ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែ​តម្រូវ​ជា​បន្ត​បន្ទាប់ផងដែរ
»។

លោកបានលើកឡើងពីគំនិតផ្តួចផ្តើមនានាដូចជាគេហទំព័រ KhmerSME ជាដើម ដែលមានគោលបំណងភ្ជាប់អាជីវកម្មខ្នាតតូចជាមួយស្ថាប័នហិរញ្ញវត្ថុ។ គិតត្រឹមចុងឆ្នាំ ២០២៣ MISTI បានរាយការណ៍ថា សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីចំនួន ៤៤.៦២៨ ដែលឆ្លុះបញ្ចាំងពីការកើនឡើងតិចតួច ១,៥% ពីឆ្នាំ ២០២២។

សំណើកំណែទម្រង់ទី២៖ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពស្តុភារ

សេដ្ឋកិច្ចដ៏រឹងមាំមួយទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពស្តុភារ ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាមានការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ធនាគារពិភពលោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្កើនហិរញ្ញប្បទានដើម្បីបង្កើនការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកដែលតភ្ជាប់ប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ។ ការរៀបចំផែនការទីក្រុង ដោយផ្តោតលើសេវាកម្មសំខាន់ៗដូចជា ទឹក អនាម័យ ការគ្រប់គ្រងកាកសំណល់ អគ្គិសនី និងទូរគមនាគមន៍ លេចចេញជាធាតុផ្សំដ៏សំខាន់សម្រាប់កំណែទម្រង់ទី២នេះ។

លោក Ses Aronsakda អ្នកស្រាវជ្រាវនៅ Future Forum សង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងដែលបានគ្រោងទុកល្អ នឹងជួយលើកកំពស់ជីវភាពរស់នៅ ជំរុញកំណើនសេដ្ឋកិច្ច។ លោក​អះអាង​ថា “ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ក៏​ត្រូវ​តែ​សមស្របជាមួយនឹង​ភាពដែលអាចរស់នៅបាន (Livability) ផង​ដែរ”។

សំណើកំណែទម្រង់ទី3៖ ការពង្រឹងគម្លាតកម្លាំងពលកម្ម

ការដោះស្រាយកង្វះខាតជំនាញកម្លាំងពលកម្មបានលេចចេញជាអាទិភាពមួយ ជាមួយនឹងកំណើនផលិតភាពការងារដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ធនាគារពិភពលោកគូសបញ្ជាក់អំពីតម្រូវការសម្រាប់វិធានការបន្ទាន់ដើម្បីដោះស្រាយលទ្ធផលនៃការសិក្សា និងអត្រាបោះបង់ការសិក្សាខ្ពស់ ជាពិសេសប៉ះពាល់ដល់កុមារក្នុងភាពក្រីក្រ។ ការលើកទឹកចិត្ត ដូចជាការលើកទឹកចិត្តក្នុងទម្រង់ជាការឧបត្ថម្ភជាថវិកាសម្រាប់សិក្សា អាចជាកត្តាសំខាន់ក្នុងការធានាឱ្យមានកម្រិតវត្តមាន និងអត្រាមិនបោះបង់ការសិក្សាខ្ពស់ ជាពិសេសសម្រាប់កុមារដែលខ្វះខាតលទ្ធភាព។

លោក Kata Orn អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​លើក​ឡើង​ពី​ជំហរ​សកម្ម​របស់រាជ​រដ្ឋាភិបាល​ជាមួយ​នឹង​ផែនការ​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​ចំនួន ១,៥ លាន​នាក់។ លោក​សង្កត់ធ្ងន់ថា ​យើង​ខិតខំ​បណ្តុះបណ្តាល​កម្មករ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ។”

ឆ្លើយតបទៅនឹងការវិភាគរបស់ធនាគារពិភពលោកខាងលើ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ធានាថា អាទិភាពសំខាន់ៗត្រូវបានអនុវត្តរួចមកហើយ ដូចជាការរៀបចំច្បាស់គាំទ្រ ដើម្បីបង្កើនការវិនិយោគ វិស័យពស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការបន្សាំបម្រែបម្រួលអាកាសធាតុ។

“ទោះបីជា [ការចេញផ្សាយរបាយការណ៍របស់ធនាគារពិភពលោក] មិនបង្ហាញពីអាទិភាពកំណែទម្រង់សំខាន់ៗទាំងនេះក៏ដោយ ក៏រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តវារួចទៅហើយ” លោកប៉ែន បូណាបញ្ជាក់។

គួររំលឹកថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៣ ឈរនៅកម្រិត ៥,៤% ដែលជាការធ្លាក់ចុះពីកម្រិតជាមធ្យម ៧,២% ក្នុងរយៈពេលមួយទសវត្សរ៍មុនពេលមានវិបត្តិសកល។ ទោះបីជាមានការបោះជំហានទៅមុខក្នុងការកាត់បន្ថយភាពក្រីក្រក៏ដោយ ក៏ប្រជាជនពាក់កណ្តាលនៅតែប្រឈមនឹងប្រាក់ចំណូលប្រចាំថ្ងៃចំនួន $៤,១៥ ឬតិចជាងនេះ, យោងតាមប្រភពដដែល និងធ្វើបច្ចុប្បន្នដោយ cambojanews កាលពីថ្ងៃទី ២៧ ខែ០១ ឆ្នាំ ២០២៤៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]