World Bank គាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​អនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារ​ទៀតជា​សហហិរញ្ញប្បទាន​ពី​មូលនិធិ PROBLUE Trust Fund។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ២០២៣។

ធនាគារពិភពលោកបានលើកឡើងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និង​ទេសចរណ៍ក្នុង​អំឡុងពេលប៉ុន្មានឆ្នាំនេះ បាន​បណ្តាល​ឱ្យ​សំណល់​រឹង និង​សំណល់​ប្លាស្ទិក កើន​បរិមាណ​ច្រើន​សន្ធឹក​សន្ធាប់​ដែរនៅកម្ពុជា។

ទន្ទឹម​គ្នានេះ សេវា​ប្រមូល​សំរាម​នៅស្ថិត​ក្នុង​អត្រា​ទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់​ដល់​​ប្រព្រឹត្តិកម្ម​និង​ចាក់ចោលកាកសំណល់​ក៏នៅខ្វះខាត, ហើយ​ការ​បោះចោលសំរាម​​ និង​សំណល់​ប្លាស្ទិកនៅតាម​ដង​ផ្លូវ ផ្លូវទឹក, ​ការរាយប៉ាយសំរាម​តាម​ផ្លូវ និង​ការ​​ដុត​សំរាមនៅតែ​មាន​ជា​ហូរហែរនៅឡើយ។ កិច្ច​ខិត​ខំ​ក្នុង​ការ​គ្រប់​គ្រង​សំណល់​នេះ​ក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និង​គោលនយោបាយ​សម្រាប់យក​ទៅ​​អនុវត្ត​តាម។

គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។

គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ”។

លោកស្រីបន្ថែមទៀតថា៖ “បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន។”

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់​ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើងជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០។

សម្តេចក្រឡាហោម មានប្រសាសន៍ថា៖ “ដូចនេះ ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈ បរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល”។

គម្រោង​នេះ​នឹងអនុវត្ត​រួម​គ្នា​ដោយ​ក្រសួង​មហាផ្ទៃ, ក្រសួង​បរិស្ថាន, និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]