ក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។
នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។
លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។
លោកបញ្ជាក់ថា គំរោងជំហានទីបីនេះ គឺមានគោលដៅបីសំខាន់ ដោយទី១ ផ្តោតការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីការពារដីរបស់គាត់ ជៀសវាងអោយបាននូវការរំខានពីអ្នកខាងក្រៅ។ ទី២ គឺការបែងចែកការប្រើប្រាស់ដីក្នុង ឃុំ សង្កាត់ ក្នុងរយៈពេលវែង ឱ្យបានច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន។ ទី ៣ គឺការស្វែងរកដីដែលមានសក្ដានុពល សំរាប់ចែកជូនអ្នកក្រីក្រដែលខ្វះខាតដីពិតប្រាកដ។
លោក បន្តថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ មានតួនាទីសំខាន់ណាស់ក្នុងការចួលរួមអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ដីសំរាប់សង់លំនៅឋាន ផ្តល់ដីធ្វើកសិកម្ម និងបែងចែកដីសាធារណៈសម្រាប់បម្រើផលប្រយោជន៍រួមរបស់សហគមន៍ ដើម្បីរៀបចំភូមិលំនៅឋានឲ្យបានត្រឹមត្រូវ។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច លើកទី១ ( LASED I ២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយសម្រេចចែកដី ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចលើកទី២ ( LASED II ២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥, ០៦ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១, ៨ លានដុល្លារអាមេរិក ដោយបានធ្វើការចែកដី១៧០៤២ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៥១៤១ គ្រួសារ នៅ១៤ ទីតាំងក្នុងខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និងកំពង់ឆ្នាំង។
គម្រោងនេះបានអនុវត្តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប)៕

