ក្រុមហ៊ុន SUNWAH ចង់វិនិយោគលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ
រដ្ឋបាលខេត្ត បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុន បាននិងកំពុងចុះស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តនេះ។
នេះបើតាមជំនួបសម្តែងការគួរសម រវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក Jason Choi នាយកក្រុមហ៊ុន SUNWAH កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
នាឱកាសនោះ លោក Jason Choi បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ ជុំវិញពិភពលោកដូចជាហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ជាដើម។
ដោយឡែកនាពេលខាងមុខ ក្រុមហ៊ុន ក៏មានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន ស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ។
ជាក់ស្ដែង រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលមានសក្តានុពល៕ (អានបន្ថែម និងបន្ថែម)

