ជប៉ុននឹងផ្តល់ជំនួយឥតសំណង ១៣,៩លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែព្រះសីហនុ
រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ ១៣,៩លានដុល្លារ ដល់កម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង១៣,៩ លានដុល្លារ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃទី ១៦ខែធ្នូ ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mikami Masahiro អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជំនួយនេះស្ថិតក្រោមកម្មវិធីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហិរញ្ញប្បទានឥតសំណង ដោយថវិកានឹងត្រូវប្រើសម្រាប់បំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ទាក់ទងនឹងកំពង់ផែ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ធ្លាប់បានផ្ដល់ជំនួយ ១២លានដុល្លារអាមេរិក ជូនដល់កម្ពុជាសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ (អានបន្ថែម)
គម្រោងនេះចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
ដោយឡែក ពិធីប្រគល់ជំនួយខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងទីភ្នាក់ងារ JICA៕

