តំបន់ភាគខាងកើតទន្លេចតុមុខនៃខេត្តកណ្តាលនឹងក្លាយជាខណ្ឌមួយនៃរាជធានីភ្នំពេញ
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ការប្រកាសគម្រោងបង្កើតខណ្ឌថ្មីនៅភាគខាងកើតទន្លេចតុមុខ គឺស្របពេលដែលគម្រោងសាងសង់ស្ពានឆ្លងកាត់រវាងតំបន់ជ្រោយចង្វារទៅតំបន់អរិយត្សក្រ នៃស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានប្រកាស និងជំរុញនៃការសាងសង់នៅពេលខាងមុខ។
ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ ព្រះអង្គ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ការកាត់ផ្នែកខ្លះនៃទឹកដីខេត្តកណ្តាល មកភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម នៃរាជធានីភ្នំពេញ។
សម្ដេច ហ៊ុន សែន បានថ្លែងថា៖ «កន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានីភ្នំពេញ ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត»។
សម្តេច ក៏បានបញ្ជាក់ទៀតថា ការកាត់ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នឹងធ្វើឡើង នៅពេលស្ពានឆ្លងទៅកាន់អរិយក្សត្រពីតំបន់ជ្រោយចង្វារ សាងសង់រួច។
ជាមួយគ្នានេះដែរ សម្តេចក៏បានព្យាករណ៍ថា ការភ្ជាប់ទឹកដីភាគខាងកើតទន្លេចតុមុខ ជាមួយរាជធានីភ្នំពេញ នឹងធ្វើឱ្យដីនៅតំបន់អរិយក្សត្រឡើងថ្លៃ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ (អានបន្ថែម)
ទន្ទឹមនឹងនេះ តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែកុម្ភៈ (អានបន្ថែម)៕

