ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្សារទំនើបភ្នំពេញមេហ្គាម៉លស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី បានបើកទ្វារស្វាគមន៍អ្នកជួលផ្ទៃក្រឡាសម្រាប់បើកអាជីវកម្ម ហើយនឹងត្រៀមខ្លួនបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
ផ្សារទំនើបភ្នំពេញមេហ្គាម៉ល គឺមានកម្ពស់ ១០ជាន់ ហើយមានផ្ទៃក្រឡាសំណង់សរុបប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia Development Co., Ltd។
អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងការជួលផ្ទៃក្រឡារបស់ផ្សារទំនើបនេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សំណង់នៃផ្សារទំនើបភ្នំពេញមេហ្គាម៉ល បានបញ្ចប់រួចរាល់ ហើយបាននិងកំពុងបើកទ្វារឲ្យអ្នកជួលធ្វើការរចនាហាងទំនិញរបស់ខ្លួនមុននឹងត្រូវបើកក្នុងត្រីមាសទី ៣ នៃ ឆ្នាំ ២០២០ ខាងមុខនេះ។
តាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា ផ្សារទំនើបភ្នំពេញមេហ្គាម៉ល នឹងបន្ថែមផ្ទៃក្រឡាសម្រាប់ជួលចូលទៅក្នុងទីផ្សារប្រមាណជា ៤៧០០០ម៉ែត្រការ៉េ ដែលផ្សារនេះមានការបើកជារោងកុន ប៊ូលីង និងមានការនាំចូលម៉ាកផលិតផលទាំងក្នុងស្រុក និងអន្តរជាតិ សរុបប្រមាណជា ៤០០ អាជីវកម្ម។
ជាមួយនឹងវត្តមាននៃផ្សារទំនើបនេះចូលមកក្នុងទីផ្សារ អ្នកនាង អាន សុធីតាថ្លែងថា៖ «វិស័យលក់រាយ (ផ្សារទំនើប) កំពុងតែផ្លាស់ប្តូរ កំពុងតែមានកំណើន ដោយសារកាលពី ១០ឆ្នាំ មុនយើងអត់មានផ្សារទំនើប មានតែផ្សារលក្ខណៈក្នុងស្រុក»។
អ្នកបន្តថា៖ «ទីផ្សារលក់រាយ គឺត្រូវតែអភិវឌ្ឍដោយសារយើងត្រូវការអតិថិជនបរទេស បើសិនជាការអភិវឌ្ឍន៍មិនមានគុណភាពត្រឹមត្រូវទេ គឺមិនអាចទាក់ទាញយកវិនិយោគបរទេសមកទេ ហើយវិស័យលក់រាយកំពុងវិវត្តន៍ខ្លួនទៅស្តង់ដារអន្តរជាតិ»។