ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]
https://www.youtube.com/watch?v=uKrtNXd2B9s
</div>
អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១១ មីនា ថា កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការពិនិត្យមើលព័ត៌មានស្តីពីអចលនទ្រព្យខ្លួន និងអាចបង់ពន្ធដោយមិនចាំបាច់បំពេញព័ត៌មានក្នុងទម្រង់លិខិតប្រកាសពន្ធ។
ការប្រើកម្មវីធីនេះ អ្នកជាប់ពន្ធក៏ចំណេញពេលវេលា មិនចាំបាច់ទៅកាន់សាខាពន្ធដារនេះទេ ហើយអ្នកក៏មានជម្រើសបង់ពន្ធតាមប្រព័ន្ធអនឡាញជាមួយធនាគារដៃគូផងដែរ ដោយកម្មវិធីនេះនឹងផ្តល់វិក័យបត្រអេឡិចត្រូនិច ដោយស្វ័យប្រវត្តិ។
លើសពីនេះ អ្នកប្រើប្រាស់កម្មវិធីក៏នឹងទទួលបានសេចក្តីជូនដំណឹងផ្សេងៗ ដូចជាកាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុតកំណត់ការបង់ប្រាក់ពន្ធ និងសេចក្តីជូនដំណឹងផ្សេងៗទៀតជាប្រចាំផងដែរ។
យ៉ាងណាក្ដី សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា កម្មវិធីនេះអាចប្រើប្រាស់សម្រាប់តែអចលនទ្រព្យដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកពន្ធដារតែប៉ុណ្ណោះ។
ក្នុងករណីមិនអាចចូលប្រើប្រាស់បានម្ចាស់អចលនទ្រព្យត្រូវមកទទួលព័ត៌មាន ឬធ្វើបច្ចុប្បន្នភាពនៅតាមអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ ខេត្ត ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។


