ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។

ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។

សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។

 

 

- Video Advertisement -