សម្តេចតេជោ ជំរុញឱ្យពង្រឹងគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែតនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ដាច់ស្រយាល

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និង​ក្រុម​ហ៊ុន​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានាទូទាំងប្រទេស។ ​

សម្តេចតេជោ បានថ្លែងពីបញ្ហានេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោបានលើកឡើងថា «….​ការពង្រឹងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​ដែលទៅលេង​នៅតំបន់ដាច់​ស្រយា​​​​លឆា្ងយៗ ដោយ​ចាំបាច់ត្រូវមានប្រព័ន្ធគាំទ្រខាងសេវាអ៊ីនធើណេត ពីព្រោះជួនកាលគេទៅដេកនៅនោះ [តំបន់ទេស​​ចរណ៍​​​] ប៉ុន្តែ​​គេធ្វើការ ព្រោះ​សម័យឥឡូវ គេមិនចាំបាច់ជួបមុខគ្នាទេ គេជួបគ្នាតាមតែវីដេអូខលក៏បាន…»។​

សម្តេចតេជោបានសង្កត់ធ្ងន់បន្ថែមថា «ចឹង!​ ចំនុចនេះ ជាចំណុច ដែលខ្ញុំសូមផ្តល់ជាអនុសាសន៍ឱ្យគិតគូរពង្រឹង​បន្ថែម​ទៀត ​នូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង»។

បច្ចុប្បន្នបញ្ហាសេវាទូរស័ព្ទ និងអ៊ីនធើណែត កំពុងតែកើតឡើងទាំងក្នុងរាជធានីភំពេញផងដែរ គឺមិនមែនមានតែនៅតាមតំបន់ដាច់ស្រយាលនោះទេ។ កន្លងមក ក្រសួងបានព្រមានដល់ក្រុមហ៊ុនទូរស័ព្ទ និង អ៊ីនធើណេត និងម្ចាស់បុរីជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។

ដោយឡែកថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានដាក់ចេញនូវវិធានការថ្មី ដើម្បីដោះ​ស្រាយបញ្ហា​សេវាទូរស័ព្ទ និងសេវាអ៊ិន​ធើណែតឱ្យបានលឿនបំផុតនៅទូទាំងប្រទេស​ ដោយបានបង្កើតក្រុមការងារពិសេស ៨ក្រុម សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើប្រតិបត្តិករណាមួយ ឬម្ចាស់បុរីមិនគោរពតាមវិធានការនេះ ក្រសួងនឹងបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់​សេវាអ៊ីនធឺណិត។

ចុងក្រោយក្រសួង នឹងក៏ជំរុញបន្ថែមលើការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បី​បង្កើន​គុណ​ភាពសេវា។

- Video Advertisement -