អ្នកជំនាញ៖ កំពតនៅមានចរន្តទិញលក់ធម្មតា តែឱ្យស្ទុះខ្លាំងដូចព្រះសីហនុទាល់តែ ៥ ឬ១០ឆ្នាំទៀត
អ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពតគឺជាខេត្តមានសក្ដានុពលមួយ ដែលនៅតែមានចរន្តទិញលក់ធម្មតា ពីព្រោះវិស័យអចនទ្រព្យនៅខេត្តនេះនៅតែមានតម្រូវការ ប៉ុន្តែបើឱ្យមានសន្ទុះដូចខេត្តព្រះសីហនុគឺត្រូវចំណាយពេលយ៉ាងហោចក៏ ៥ ក៏ ១០ឆ្នាំទៀតដែរ។
លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីព្រឹកថ្ងៃទី ១១ សីហា នេះថា បើប្រៀបទៅខេត្តសមុទ្រដូចគ្នា ខេត្តកំពតមានលំហូរភ្ញៀវទេសចរច្រើនជាងខេត្តព្រះសីហនុ និងកោះកុង ដោយសារតែចំងាយពីទីក្រុងភ្នំពេញមានចំងាយជិតជាង។
«ខេត្តនេះ ក៏ជាទីពេញនិយមចំពោះភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ ដូច្នេះវិស័យអចលនទ្រព្យខេត្តនេះក៏កើនឡើងបន្តិចបន្តួចតាមនេះដែរ»។
លោកបានបន្ថែមថា តម្លៃលក់នៅខេត្តព្រះសីហនុ គឺជាតម្លៃបំប៉ោង អញ្ចឹងបើចាំកំពតឱ្យដូចដល់ព្រះសីហនុតែម្ដង វាមិនកើតទេព្រោះវាត្រូវការកត្តាច្រើន។
«ប៉ុន្តែបើជារួម សម្រាប់ខ្ញុំ គិតថាអាច ប៉ុន្តែប្រហែលជា ៥ឆ្នាំ ១០ឆ្នាំក្រោយ។ បើចំពោះមុខវាមិនក្ស័យធុនទេ នៅមានចរន្តទិញលក់ធម្មតា បួន ប្រាំ ម៊ឺនអីចឹងទៅ តែបើវិនិយោគរាប់លានអីវិញ វាមិនទាន់អាចទៅរួចទេ» លោកបានបន្ត។

