កម្ពុជាកំពុងសម្រួលនិតីវិធីវិនិយោគ ដើម្បីទាក់ទាញក្រុមហ៊ុនធំៗ ដែលចង់ផ្លាសពីបណ្តាប្រទេសកំពុងជួបសង្រ្គាមពាណិជ្ជកម្ម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យមើលការងារកែទម្រង់គោលនយោបាយដែលបានដាក់ចេញ និងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគ ស្របពេលដែលនិន្នាការនៃការផ្លាស់ទីរបស់ក្រុមហ៊ុន រោងចក្រធំៗចេញពីបណ្តាប្រទេសដែលកំពុងជួបសង្រ្គាមពាណិជ្ជកម្មដូចជា អាមេរិក និងចិន។
នេះបើតាមការលើឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ការកែទម្រង់នីតិវិធីដើម្បីផ្តល់ភាពងាយដល់វិនិយោគិននេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមមានប្រសាសន៍ថា៖ “យើងកំពុងពិភាក្សាថា តើយើងនឹងអាចលើកទឹកចិត្តអ្វីបន្ថែមទៀត ក្នុងពេលដែលរោងចក្រមួយចំនួនកំពុងពិចារណក្នុងការបំលាស់ទី។ តើមាននីតិវិធីបែបណា ដែលយើងអាចកាត់បន្ថយបាន កុំអោយវាមានភាពស្មុគស្មាញខ្លាំងពេក។ ដូច្នេះរាជរដ្ឋាភិបាលកំពុងពិនិត្យ និងពិចារណ រួមគ្នាដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាទាក់ទាញវិនិយោគឱ្យបានច្រើនមកកម្ពុជា”។
CDC កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានដាក់ចេញជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ (អានបន្ថែម)
cdcIPM គឺជាប្រព័ន្ធផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការងារវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងរយៈតែមួយខែ (ខែមករា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្រោមទុនវិនិយោគសរុបជាង ៧៤៨លានដុល្លារអាមេរិក កើនឡើង៣០០%។
ឯកឧត្តម លើកឡើងថា កំណើននេះ គឺដោយសារទំនុកចិត្តរបស់អ្នកវិនិយោគមកលើប្រទេសកម្ពុជា។
“យើងឃើញថា មានអ្នកវិនិយោគច្រើនមកបណ្តាក់ទុន បង្កើតការងារដល់ប្រជាពលរដ្ឋរបស់យើង។ នេះបានន័យថា អ្នកវិនិយោគទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារយើងមានសុខសន្តិភាព និងមានស្ថិរភាពនយោបាយ”។
- Video Advertisement -