កម្ពុជាគ្រោងអភិវឌ្ឍក្រុងសែនមនោរម្យនិងស្រុកអូររាំងនៅមណ្ឌលគិរីជាក្រុងពហុបំណងនិងក្រុងរណប
ផែនការមេ ឆ្នាំ២០២០-២០៣៥ ដែលនឹងប្ដូរមុខមាត់ខេត្តមណ្ឌលគិរី ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ នេះបើយោងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនេះ។
ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង ក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យផងដែរ។
តាមផែនការមេនេះ រដ្ឋក៏មានគោលដៅប៉ូលទេសចរណ៍ធំៗ ៤ ទៀត រួមមមាន តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍និងជនជាតិដើមភាគតិច តំបន់ប្រជុំជនស្រុកកោះញែក និងតំបន់សមាហណកម្មច្រកទ្វារព្រំដែន ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ អង្គប្រជុំបានពិគ្រោះយោបល់លើរឿងជាច្រើន ដើម្បីជាធាតុចូលរួមមាន វិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ ថាមពល ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសសម្ព័ន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាព និងទីក្រុងវៃឆ្លាតជាដើម។
លោក បន្តថា ការពិគ្រោះយោបល់ខាងលើនេះ គឺដើម្បីឱ្យធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។
ក្រោយពិគ្រោះយោបល់ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗ ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០ និង បន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង៕

