កម្ពុជាដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៣។ ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតពិសេសនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។
ក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុម ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្រសួងបរិស្ថាន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ផ្ដោតលើការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបង្កើតភាពបត់បែនចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកស្ទួយរដ្ឋបាលល្អ និងបំលែងឌីជីថល។
ចំណែក លោកស្រី Alissar Chaker បានឱ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រនេះ មិនមែនជាឯកសារគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបំពេញចក្ខុវិស័យរបស់កម្ពុជា ក្នុងការឈានទៅរកភាពអព្យាក្រឹតកាបូន និងភាពធន់ចំពោះអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយឡែក ឯកឧត្តម Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាឡើងវិញរបស់សហភាពអឺរ៉ុប ដោយលើកឡើងពីគោលបំណងប្រមូលផ្តុំក្រុមហ៊ុនអឺរ៉ុប និងអ្នកវិនិយោគមកចូលរួមជាមួយក្នុងវិស័យហិរញ្ញវត្ថុបៃតង ដោយការលើកកម្ពស់ឧបករណ៍ហិរញ្ញវត្ថុ ដូចជា ការរួមបញ្ចូលហិរញ្ញវត្ថុ (blended finance) និងយន្តការចែករំលែកហានិភ័យ។
ឯកឧត្តម Igor Driesmans បានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងគាំទ្រការអនុវត្តគម្រោងថាមពលកកើតឡើងវិញប្រកបដោយចីរភាព កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធមានភាពធន់ខ្ពស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការការពារបរិស្ថាន។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានចង្អុលបង្ហាញពីវិស័យសំខាន់ៗដែលបណ្តាលឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងត្រូវចាត់វិធានការជាបន្ទាន់រួមមាន៖ វិស័យថាមពល ដំណើរការឧស្សាហកម្ម និងការប្រើផលិតផល ការប្រើប្រាស់ដីក្នុងកសិកម្ម និងព្រៃឈើ និងការគ្រប់គ្រងសំណល់។
ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃយុទ្ធសាស្ត្រនេះ ដោយបានសង្កត់ធ្ងន់ថា ផែនការនេះជាក្របខណ្ឌគតិយុត្តថ្នាក់ជាតិ ដែលមិនមែនជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថានម្នាក់ឯងទេ តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់វិស័យទាំងអស់ ដើម្បីបម្លែងយុទ្ធសាស្ត្រនេះឲ្យចេញជាលទ្ធផលពិតប្រាកដ។
សរុបទៅ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តនេះ គឺជាពេលវេលាដ៏សំខាន់មួយក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន។ ជាមួយនឹងសកម្មភាព និងការប្តេជ្ញាចិត្តរួម ប្រទេសជាតិមានគោលបំណងប្រែក្លាយយុទ្ធសាស្ត្រនេះទៅជាលទ្ធផលជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទាំងបរិស្ថាន និងសេដ្ឋកិច្ច។
- Video Advertisement -