កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស
អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។
ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកសារធាតុអាសបេស្តុស ត្រូវបានគេប្រើទៅលើក្បឿងហ្វ៊ីប្រូ ដើម្បីធ្វើឱ្យក្បឿងក្រាស់ ហើយកម្លាំងសង្កត់មិនឆាប់បាក់ផុយ។
ប៉ុន្តែជាក់ស្ដែង សារធាតុនេះបាននិងកំពុងបង្កើតហានិភ័យសម្រាប់មនុស្ស ទាំងកម្មករ អ្នកផលិត អ្នកប្រើប្រាស់ និងនៅអ្នកជុំវិញ ព្រោះវាអាចវិវឌ្ឍយឺតជាច្រើនឆ្នាំ តែបង្កគ្រោះថ្នាក់ធ្ងន់ដល់សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។
ដូច្នេះ ក្រុមការងារក្រសួង កំពុងពន្លឿនបន្តចងក្រងប្រមូលព័ត៌មាន ដើម្បីរៀបចំជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយ សម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។
សូមជម្រាបដែរថា សារធាតុអាសបេស្តុស គេឃើញមាននៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង ឧបករណ៍ពន្លត់អគ្គីភ័យ អ៊ីសូឡង់(Insulation) កម្រាលឥដ្ឋជាតិផ្លាស្ទិក វិស័យវាយនភណ្ឌ សម្ភារដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត) ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕

