កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។
គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។
បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖
- កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
- ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
- ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច
- ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់
- ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដី
- ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព
- ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច
- សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
- ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ គណៈកម្មាធិការជាតិនេះ ក៏នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅពេលដែលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបញ្ចប់។
វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលបំណងធ្វើឱ្យមានតុល្យភាពសមធម៌សង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយដាក់ប្រទេសកម្ពុជាជាអ្នកដឹកនាំក្នុងការអភិរក្សព្រៃឈើយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍។
- Video Advertisement -