កម្ពុជារំពឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ពង្រឹងសមត្ថភាពនៃការប្រកួតប្រជែងដើម្បីជួយសម្រួល ដល់ការធ្វើដំណើរការដឹកជញ្ជូនតាមផ្លូវអាកាស ខណៈកម្ពុជា រំពឹងថានឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥ ខាងមុខនេះ។ នេះបើតាមសារាចររបស់រដ្ឋាភិបាល ពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅកម្ពុជា ដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
នៅក្នុងសារាចរនោះ រដ្ឋាភិបាល បានចាត់ទុកវិស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម ដើម្បីរួមចំណែកបង្កើនចំណូលថវិកាជាតិ។
តាមរយៈសារាចរនេះបន្តទៀតថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដោយបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា កម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ចំនួន ២៥លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចំនួន២០៥ ពាន់តោន នៅឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ហេតុនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាល ក៏បានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ដើម្បីបង្កើនទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាបន្ថែមទៀត៕
- Video Advertisement -