កម្ពុជាសហការនឹងប្រទេស ២ទៀត រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តី
កម្ពុជា សហការជាមួយប្រទេសឡាវ និងវៀតណាម រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តីជំនាញ ដើម្បីលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសទាំង ៣។
គម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់នេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ កន្លងទៅ ដែលរៀបចំឡើងដោយវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ។
គម្រោងនេះ គឺជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជន។
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោង ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ៕

