កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ

អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។

គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតក​ក្នុង​តំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។

ពាក់​ព័ន្ធ​នឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ​ ​​វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។

ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរ​ឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយាន​យន្ត​ឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោង​មួយនេះក៏​មានសារ​សំខាន់ខ្លាំងណាស់​ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាល​ខេត្ត ដែលកំពុង​តែរៀបចំ​ចំណតចតយានយន្ត។

យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សា​ឱ្យបានលឿន និងលម្អិតអំពីគម្រោងទី​ក្រុងវៃឆ្លាតមួយ​នេះ៕

- Video Advertisement -