កម្ពុជាស្នើបារាំងជួយសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅប៉ែកពាយព្យក្រុងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត នៅប៉ែកពាយព្យរាជធានីភ្នំពេញ ខណៈនៅតំបន់នេះមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។
ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅខាងជើងឆៀងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមក៏ស្នើបារាំងម្តងឱ្យជួយលើគម្រោងសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី និងដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗផងដែរ។
ជាងនេះទៀត ឯកឧត្ដមក៏បានលើកឡើងពីគម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿននៅក្នុងភ្នំពេញផងដែរ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕ (អាចបន្ថែម)

