កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ
កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាប្រទេសថៃ វៀតណាមជាដើម។
ហេតុដូច្នេះហើយ កម្ពុជាក៏បានស្នើឱ្យប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមករវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានសន្យារ នឹងនៅតែបន្តខិតខំ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។
គួរជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។

