កម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។

អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ មានសុពលភាព ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រីជាដើម។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួនបីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។

ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាពនៅក្នុងតំបន់៕​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

រយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក

  ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បា […]