កម្ពុជា-ចិន ប្រសិទ្ធនាមកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”
កម្ពុជា និងចិន បានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ជា «មហាវិថី ស៊ី ជីនពីង» ។ នេះបើតាមពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាមនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ផ្លូវក្រវាត់ក្រុងទី៣ នេះ ត្រូវបានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដែលឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។
ផ្លូវមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ថែមពីនេះ ផ្លូវមួយខ្សែនេះ គឺមានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទំហំទទឹងផ្លូវ ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជនដែលការសាងសង់នឹងត្រូវប្រើប្រាស់ថវិការកម្ចីប្រមាណ ២៧៣លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)
ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” បានបង្ហាញនូវអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន។
តាមរយៈមិត្តភាពនេះដែរ បើគិតមកទល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០គីឡូម៉ែត្រនៅកម្ពុជា និងបានអភិវឌ្ឍវិស័យផ្សេងៗជាច្រើនទៀត រួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។
- Video Advertisement -