កម្ពុជា-ចិន សហការគ្នាពង្រឹងគុណភាពអប់រំក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ប្រទេសចិន ដើម្បីពង្រឹងគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសការងារសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័នដល់សិស្សានុសិស្ស។
ពិធីចុះហត្ថលេខាលើអនុស្សរណនេះធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា នៅក្រោមអធិបតីភាពលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang’an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។
លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។
ជាមួយគ្នានោះដែរ លោក Fan Wen សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Chang’an ជឿជាក់យ៉ាងមុតមំាថា ដោយមានការគាំទ្រពីក្រុមហ៊ុន CRBC ការបង្កើតនូវកម្មវិធីសិក្សារួមគ្នារវាងវិទ្យាស្ថានទាំងពីរ នឹងប្រព្រឹត្តទៅដោយរលូន និងដើរតួយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍវិទ្យាស្ថានតែជោសែន សាធារណការនិងដឹកជញ្ជូន សាកលវិទ្យាល័យឆាងអាន និងក្រុមហ៊ុន CRBC ថែមទាំងអាចជួយដល់ការរឹតចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជាផងដែរ។
ដោយឡែក លោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនCRBC លោកបានលើកឡើងថា៖ ក្រុមហ៊ុនCRBC មានគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជាលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យសាធារណការ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ថ្មីនេះកម្ពុជាក៏ទើបតែបានស្នើឯកឧត្តមឯកអគ្គរាជទូតពិចារណា លទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យ បានច្រើនសំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ (អានបន្ថែម)

