កម្ពុជា វៀតណាម ព្រមព្រៀងគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនហើយ ខណៈការសិក្សានឹងបញ្ចប់ចុងឆ្នាំ
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចតភ្ជាប់ និងលើកិច្ចសហការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃ សម្រាប់ប៉ែកកម្ពុជា និងហូជីមិញ-ម៉ុកបៃ-បាវិត សម្រាប់ប៉ែកវៀតណាម។
បើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ សីហា រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បាននិងកំពុងពន្លឿនការងាររៀងៗខ្លួនដើម្បីឱ្យគម្រោងនេះក្លាយជាការពិតឆាប់ៗ។
ឯកឧត្តម ថ្លែងថា ៖ «យើងបានឯកភាពគ្នារួចហើយ លើចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនកម្ពុជា ភ្នំពេញទៅបាវិត និងបាវិតម៉ុកបៃ ទៅហូជីមិញ ឥឡូវភាគីទាំងពីរកំពុងធ្វើការងាររៀងៗខ្លួន។ ខាងវៀតណាមគេនឹងចាប់ផ្ដើមសាងសង់ផ្លូវរបស់គេឆាប់ៗ ហើយនឹងតភ្ជាប់មកផ្លូវខាងយើង»។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដើម្បីពិនិត្យ និងសម្រេចរកថវិកាសម្រាប់ការសាងសង់។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ដាច់ឆ្នាំនេះ លទ្ធផលនឹងយកមកដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួងដើម្បីពិនិត្យអំពីលទ្ធភាពនៃការសាងសង់» ។
គួរបញ្ជាក់ថា ការសិក្សាគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃនេះ ត្រូវបានធ្វើឡើងមួយរយៈធំមកហើយ ដោយមានភាគីសិក្សាច្រើន ដូចជា JICA របស់ប្រទេសជប៉ុន និងក្រុមហ៊ុនចិន China Railway International Group Co., Ltd ជាដើម។ ប៉ុន្តែ រដ្ឋមិនទាន់សម្រេចលើការសិក្សាណាមួយនោះទេ។ (អានបន្ថែម)

