កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល
កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងនេះ។
គម្រោងនេះ អាចផ្តល់លទ្ធភាពឱ្យប្រទេសទាំងពីរប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន ដើម្បីបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។
នៅក្នុងដំណាក់កាលដំបូង ថ្នាល FTC ត្រូវបានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន សម្រាប់ចែករំលែក និងផ្តល់ហិរញ្ញប្បទាន។
ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ ថ្នាល់ FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមានដូចខាងក្រោម៖
- ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់
- ភាគីសិង្ហបុរីរួមមាន៖ ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited”
ក្នុងនោះ សម្រាប់កម្ពុជា ធនាគារស្ថាបនា នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចជាក្រុមហ៊ុនកូមិនខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់ពីសហគ្រាសធុនតូច និងមធ្យមជាច្រើននៅសិង្ហបុរី។
- Video Advertisement -