កម្ពុជា-ឡាវ សហការគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ
ប្រទេសកម្ពុជា និងឡាវ ចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។
ការចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព។
ជាងនេះទៅទៀត ឯកឧត្តមបានបន្ថែមថា សម្រាប់ការចុះ MoU រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។
តាមការសិក្សារបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានបង្ហាញថា ទន្លេមេគង្គ ត្រូវបានបំពុលដោយបរិមាណសំណល់ប្លាស្ទិក ដែលចំនួនកាកសំណល់នេះ ត្រូវបានចាត់ក្នុងលំដាប់ទី១០ មានចន្លោះពីជាង១៧ ទៅ១០១តោន ក្នុងមួយថ្ងៃ បានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា នៅក្នុងពិភពលោក។
ក្នុងនោះ នៅតាមកំពង់ផែ និងផែ មានកាកសំណល់រឹងប្រភេទជាដបប្លាស្ទិក និងថង់ប្លាស្ទិក មានពី ៧០ភាគរយ ទៅ៩០ភាគរយ ដែលនេះជាបញ្ហាប្រឈមនៃម៉ាក្រូប្លាស្ទិក និងមីក្រូប្លាស្ទីក ដែលជំរុញឱ្យប្រទេសសមាជិកទាំងបួនរួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម បង្កើតយន្តការរួម និងអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យ និងសម្អាតជាតិពុលដែលជ្រាបចូលទៅក្នុងដី ខ្យល់ និងជលផល ហើយអាចប៉ះពាល់ដល់ទាំងប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។
នៅឆ្នាំ២០២០ កន្លងទៅ ប្រទេសទាំង៤ខាងលើនេះ បានផលិតកាកសំណល់ប្លាស្ទិកប្រហែល ៨លានតោន។

- Video Advertisement -