កម្ពុជា-អាស៊ាន ជំរុញបង្កើតកិច្ចព្រមព្រៀងលើការសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ
កម្ពុជា និងបណ្តារប្រទេសអាស៊ាន កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់ ដើម្បីឱ្យមានចំណេះដឹងពេញលេញក្នុងការបំពេញប្រតិបត្តិការនេះឱ្យបានគ្រប់ជ្រុងជ្រោយ។
ការជំរុញនេះ បានធ្វើឡើងតាមរយៈវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ វេទិកានេះ គឺមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត
ថ្លែងបើកវេទិកាអាស៊ានខាងលើនេះ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងាររុករក និងសង្គ្រោះ ដោយប្រទេសសមាជិកអាស៊ានបានខិតខំកសាងកិច្ចព្រមព្រៀងឱ្យសម្រេចបានរហូតទទួលបានការអនុម័តពីថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាដើមឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា កិច្ចការបន្តរបស់បណ្តាប្រទេសសមាជិក គឺខិតខំរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់។
គួរបញ្ជាក់ដែរថា ប្រសិទ្ធភាពនៃការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រនេះ គឺមានសារសំខាន់ដល់ការពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមក្នុងក្របខណ្ឌអាស៊ាននោះទេ តែថែមទាំងអាចអនុញ្ញាតឱ្យបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឈន៍នានា អាចចូលរួមសហការផ្តល់ជាបទពិសោធន៍ និងចំណេះដឹងដល់អ្នកអនុវត្តផ្នែករុករក និងសង្គ្រោះឱ្យមានចំណេះដឹងពេញលេញ និងមានមធ្យោបាយ សម្ភារប្រើប្រាស់គ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការរុករក និងសង្គ្រោះឱ្យបានគ្រប់ជ្រុងជ្រោយនាពេលអនាគត។
ទន្ទឹមគ្នានេះ នៅក្នុងវេទិកាខាងលើនោះដែរ កម្ពុជា និងប្រទេសអាស៊ាន ក៏បានបង្ហាញសុឆន្ទៈក្នុងការសម្រេចឱ្យបានការសហការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញឱ្យការអនុវត្តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងខាងលើ អាចសម្រេចតាមផែនការគ្រោងទុក៕



- Video Advertisement -