កម្ពុជា-អូស្រ្តាលី រួមគ្នាផ្សព្វផ្សាយគោលការណ៍ថ្មី ដើម្បីអនុវត្តក្នុងការដ្ឋានសំណង់

ទីបំផុត គោលការណ៍ណែនាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយ ដើម្បីសង្គ្រោះជីវិតនៅតាមការដ្ឋានសំណង់នានា។

គោលការណ៍ណែនាំនេះ ត្រូវប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រោមឯកឧត្ដម​ លាង​ មុនីរិទ្ធិ​ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងលោក Robin Flint លេខាទី១​ នៃស្ថានទូតអូស្រ្តាលី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណ ២០០ នាក់ ទៀត មកពីស្ថាប័នក្រសួង និងមន្ទីរខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសំណង់មកពីខេត្តចំនួនប្រាំមួយ។

បើតាមឯកឧត្តម លាង មុនីរិទ្ធិ និងលោក Robin Flint បានឲ្យដឹងថា គោលការណ៍ណែនាំ និងសិក្ខាសាលានេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពបុគ្គលិកធ្វើការក្នុងវិស័យសំណង់ ឱ្យមានភាពល្អប្រសើរឡើងទាំងនៅក្នុង និងជុំវិញការដ្ឋានសំណង់ ដែលនេះគឺជាការងារដ៏សំខាន់មួយដើម្បីការពារ និងសង្គ្រោះអាយុជីវិតពួកគេ។

គួរបញ្ជាក់ថា ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ ក្នុងប្រទេសកម្ពុជាទាមទារឱ្យមានការរៀបចំ និងអនុវត្តស្តង់ដារផ្លូវការមួយដែលទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ សុខភាព និងសុវត្ថិភាពនៅតាមការដ្ឋានសំណង់ផងដែរ។

បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង ៥៧ ០០០ ត្រូវបានចេញឱ្យទៅការដ្ឋានសំណង់នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់ការងារជាមធ្យមប្រមាណជា ១៥០ ០០០នាក់ ក្នុងមួយថ្ងៃ សម្រាប់ការវិនិយោគសរុបដែលមានតម្លៃជាង ៦៦ពាន់លានដុល្លារអាមេរិក។

ដោយឡែក ការរៀបចំគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ គឺទទួលបានការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ក្នុងទឹកប្រាក់សរុបចំនួន ៥១,៧ លានដុល្លារអូស្រ្តាលី ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ៕ (អានបន្ថែម)

- Video Advertisement -