កម្ពុជា-ឥណ្ឌា រួមគ្នាបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
នៅក្នុងគំនិតផ្តួចផ្តើមកែលម្អ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងកិច្ចការបរទេសនៃប្រទេសឥណ្ឌា បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រដ៏ទំនើបមួយនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អនុស្សរណៈយោគយល់គ្នា(MoU)នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥។
ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រជាជាតិទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសនៅក្នុងសហគមន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា “គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការពង្រឹងតំបន់ជនបទ តាមរយៈការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យើងរំភើបក្នុងការស្វែងរកឱកាសបន្ថែមទៀតសម្រាប់ការសហការក្រោមក្របខ័ណ្ឌគម្រោងផលប៉ះពាល់រហ័ស។
រីឯលោក Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ក្មេងជំនាន់ក្រោយ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការបណ្តុះចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងការច្នៃប្រឌិត។ លោកបានបន្តថា៖ «បណ្ណាល័យនេះនឹងមិនត្រឹមតែលើកកម្ពស់ចំណង់ចំណូលចិត្តផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញចិត្តយុវជនឲ្យចូលរួមផ្ទាល់ជាមួយគំនិតវិទ្យាសាស្ត្រផងដែរ»។ “នៅពេលដែលតម្រូវការសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅតែបន្តកើនឡើង បណ្ណាល័យនេះនឹងបម្រើជាធនធានដ៏សំខាន់ក្នុងការផ្សារភ្ជាប់គម្លាតចំណេះដឹងនៅក្នុងវិស័យសំខាន់ៗទាំងនេះ”។
គួរបញ្ជាក់ទៀតថា រដ្ឋាភិបាលឥណ្ឌាផ្តល់ជំនួយឥតសំណង ក្នុងការផ្គត់ផ្គង់សៀវភៅ ឧបករណ៍វិទ្យាសាស្ត្រ សម្ភារអប់រំ និងឧបករណ៍ពិសោធន៍ផ្សេងៗ ដែលចាំបាច់សម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្រ្ត។ ធនធានទាំងនេះនឹងអនុញ្ញាតិឱ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសហគមន៍ទូទៅ ស្វែងយល់ពីគោលការណ៍វិទ្យាសាស្ត្រ និងភាពជឿនលឿននៃបច្ចេកវិទ្យា។
កិច្ចសហការនេះមិនត្រឹមតែតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវគំរូមួយសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតដែលផ្តោតលើការលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់។ ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រនេះជាជំពូកថ្មីដ៏គួរឲ្យរំភើបសម្រាប់ខេត្តបាត់ដំបង និងជាការវិនិយោគដ៏មានសក្តានុពលសម្រាប់អនាគតយុវជនរបស់ខ្លួន។


- Video Advertisement -