កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការនៃធនាគារពិភពលោក (World Bank) កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP)។
លោក ចៅ សុភៈភិបាល នាយកគម្រោងផ្នែកទី២ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីលទ្ធផលបឋមនៃការសិក្សា និងសំណើក្នុងការកែលម្អសេវាអនាម័យក្នុងក្រុង និងទទួលយកមតិយោបល់ត្រឡប់មកវិញដើម្បីធ្វើការកែតម្រូវចុងក្រោយពីភាគីពាក់ព័ន្ធសំខាន់ៗ។
គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP) គឺស្ថិតក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក សិក្សាដោយអង្គការ GRET ជាទីប្រឹក្សាមួយដែលកំពុងអនុវត្តការសិក្សាលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងក្រុងសៀមរាប និងជាផ្នែកមួយគាំទ្រដល់ផែ្នកទី ២ នៃគម្រោងផ្តួចផ្តើមការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មគ្រប់គ្រងភក់បង្គន់។
តាមរយៈគម្រោងនេះ ភាគីពាក់ព័ន្ធ នឹងធ្វើការសិក្សាលើគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖
១. សិក្សាលើស្ថានភាពបច្ចុប្បន្ននៃការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់នៅក្រុងសៀមរាប។
២. ធ្វើបច្ចុប្បន្នភាពដ្យាក្រាមរំហូរភក់បង្គន់ (SFD) និងប៉ាន់ប្រមាណតម្រូវការនៃសេវាគ្រប់គ្រងភក់បង្គន់ ។
៣. រៀបចំផែនការអនុវត្ត និងការកសាងសមត្ថភាពសម្រាប់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប (SR-SWTPU) និង
៤. របាយការណ៍ទិដ្ឋភាពទូទៅនៃប្រព័ន្ធវិក្កយបត្រប្រមូលថ្លៃសេវាប្រើប្រាស់ទឹក ដែលប្រើប្រាស់ដោយរដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA)។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិការជាមួយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថា AIMF ខេត្តសៀមរាបក៏ទើបតែទទួលបានជំនួយ និងបានបើកការដ្ឋានជាផ្លូវការនូវស្ថានីយផលិតជីសរីរាង្គពីកាកសំណល់លូទឹកស្អុយ ដែលមានតម្លៃប្រមាណ ១,៧លានអឺរ៉ូ៕ (អានបន្ថែម)

