ការងារវាស់វែងដីធ្លីក្នុងខេត្តឧត្ដរមានជ័យ បិទបញ្ចប់ទៅដោយជោគជ័យ
ក្រសួងដែនរៀបចំដែនដី បានប្រកាសបិទបញ្ចប់ដោយជោគជ័យលើការងាវាស់វែងដីធី្លមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីបិទបញ្ជប់នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធ និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅនាពេលនេះ។ ឯកឧត្តមបន្ថែមថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងបង្កើនចំណូលថវិកាជាតិ។
ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធផ្តល់អាទិភាពដល់ការរៀបចំទីក្រុង និងការពិនិត្យឈ្មោះ និងកូដភូមិសាស្ត្រ។ ចំណុចទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធដោះស្រាយ និងការរៀបចំព្រំដែនឱ្យកាន់តែប្រសើរឡើងនៅទូទាំងភូមិ ឃុំ និងខេត្តទូទាំងប្រទេស។ លើសពីនេះ ឯកឧត្តម ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យថែរក្សាឲ្យបានត្រឹមត្រូវចំពោះវិញ្ញាបនបត្រកម្មសិទ្ធិដែលពួកគេបានទទួលផងដែរ។
ក្នុងពិធីប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដីនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។
កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ធ្លាប់បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ហើយ ដែលបានបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ (អានបន្ថែម)
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់កន្លងមកថា ដើម្បីពន្លឿនយុទ្ធនាការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកាចំនួន ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩៕ (អានបន្ថែម)
- Video Advertisement -