ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា កើនជិត ៣០% ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ
ជាការកត់សម្គាល់ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាកំពុងកើនឡើងដល់កម្រិតមួយគួរឱ្យចាប់អារម្មណ៍ ពោលគឺក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើង ១៦% និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងជិត ៣០%។ នេះបើតាមការប្រកាសរបស់ ឯកឧត្តម ស៊ិន ច័ន្ទសិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤.០៨២.២៦០នាក់ កើនឡើងជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន មានអាកាសយានដ្ឋានអន្តរជាតិចំនួនបីកំពុងដំណើរការយ៉ាងសកម្ម ក្នុងរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលបានគ្រប់គ្រងជើងហោះហើរទៅ-មក ចំនួន ៣៧.៤៩២។
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ បានបង្ហាញឱ្យមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំង ដោយការដឹកជញ្ជូនទំនិញសរុបបានឈានដល់ ៤៧.២១៨តោន កើនឡើងជិត ៣០%។ ការកើនឡើងនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ដែលការដឹកជញ្ជូនតាមផ្លូវអាកាសដើរតួក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងគាំទ្រពាណិជ្ជកម្មអន្តរជាតិ។
ដោយឡែកបើប្រៀបធៀបតែខែមិថុនា និងខែកក្កដា ឆ្នាំ២០២៥ កំណើនក្នុងវិស័យអាកាសចរមានភាពធន់ និងស្វាហាប់ខ្លាំង ខណៈអាកាសយានដ្ឋានសំខាន់ៗទាំងបីខាងលើ បានជួយសម្រួលដល់ការបង្កើនជើងហោះហើរទ្វេទិស បានជាង ៥.១១១ កើនឡើង ៨%, ចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណ ៥៥៣.៥២៣នាក់ កើនជិត ១៤% និងការដឹកជញ្ជូនទំនិញមានជាង ១០.២៦៧តោន កើនឡើង ៣០% ។
ជាការកត់សម្គាល់ កម្ពុជា និងថៃ នៅតែមានភាពរស់រវើក ដោយបច្ចុប្បន្នមានងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ កំពុងបន្តផ្តល់ការហោះហើរ ក្នុងរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៣ និងក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៥ ដែលកំពុងបង្កើនការតភ្ជាប់សម្រាប់អ្នកដំណើរ។
នៅពេលដែលប្រទេសកម្ពុជាពង្រឹងជំហររបស់ខ្លួនជាតួអង្គសំខាន់ក្នុងការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ និន្នាការវិជ្ជមានទាំងនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញពីបញ្ហាប្រឈមកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនាគតដ៏ជោគជ័យសម្រាប់ឧស្សាហកម្មអាកាសចរណ៍នៅក្នុងព្រះរាជាណាចក្រផងដែរ។
- Video Advertisement -