ការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី

រូបភាពពី៖ Cambodia-SkylineSkyscraper

គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។
តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។

ប្រភពដដែលបញ្ជាក់ថែមទៀតថា ការសាងសង់មាន ៣ ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។

សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។

ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC ក៏បាននឹងកំពុងពន្លឿនការងារជីកប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ចូលទៅក្នុងបឹងធម្មជាតិ ក៏ដូចជាការងារទូទាត់សំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផងដែរ។ ជាក់ស្ដែងកាលពីថ្មីៗនេះ ក៏ទើបតែផ្ដល់ផ្ទះជូន ១៧១ គ្រួសារ នៅទីតាំងថ្មី។ (អានបន្ថែម)

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គ្រោងនឹងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១ នេះ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ បច្ចុប្បន្ន កំពុងសាងសង់នៅលើផ្ទៃដី ២ ៦០០ ហិកតា នៅខេត្តកណ្ដាល។

តាមផែនការ គម្រោងនេះ បែងចែកការអភិវឌ្ឍន៍ជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០៣ ដំណាក់កាលពីទី២ ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣០ និងដំណាក់កាលទី៣ គឺដល់ឆ្នាំ២០៥០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]