ការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សម្រេចបាន ៥០%
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើកឡើងថា គម្រោងសាងសង់ជំហានទី១ គ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
បច្ចុប្បន្នកំណើនប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ ដូចជា ខុនដូ បុរី ឃ្លាំង ផ្សារទំនើប វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការលូតលាស់កើនឡើងឥតឈប់ឈរ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតាខ្មៅ មានតម្រូវការប្រមាណជាង ៧០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់នៅដើម ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។
រោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (អានបន្ថែម)

