ការដ្ឋានលើកកម្ពស់អាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរីសម្រេចបាន ២០%ហើយ

ការដ្ឋានសាងសង់ទំនប់អូរទេ និងការដ្ឋានស្តារកែលម្អអាងទំនប់លើ និងទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបានលទ្ធផល២០% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំក្រុមការងារបច្ចេកទេសឲ្យបន្តសហការដើម្បីគម្រោងសម្រេចបានឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់ទឹក។

គម្រោងសាងសង់ និងស្តារទំនប់ទាំង៣នេះ ជាជំនួយរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែលនឹងគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រោយសាងសង់រួច ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។

លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]