ការធ្វើទំនើបកម្មការសាងសង់អគារនៅវៀតណាម
ការដំឡើងបន្ទះជញ្ជាំងបេតុងចាក់ស្រាប់ ACOTEC (រូបថត Elematic)
នៅពេលក្រុមហ៊ុនសាងសង់របស់វៀតណាម Xuan Mai ចង់ធ្វើទំនើបកម្មដំណើរការផលិតកម្មរបស់ខ្លួន និងសាងសង់សំណង់ដែលល្អប្រសើរជាងមុន និងរឹងមាំបានយូរជាងមុននោះការប្រើជញ្ជាំងបេតុងចាក់ពុម្ពទម្ងន់ស្រាលគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន។
Elematic Acotec គឺជាបច្ចេកវិទ្យាសម្រាប់បន្ទះជញ្ជាំងកម្ពស់ខ្ពស់ ទម្ងន់ស្រាល បំពាក់ក្នុងស៊ុមដែក ឬស៊ុមបេតុង។ ដោយហេតុថា ខ្សែចង្វាក់ផលិតកម្ម Acotec គ្របដណ្តប់លើដំណើរការផលិតកម្មទាំងមូលចាប់ពីការចាក់បេតុង រហូតដល់ការគ្រប់គ្រងកន្លែងទុកជញ្ជាំងបេតុង ដូចនេះវាអាចជួយក្រុមហ៊ុនសាងសង់ឲ្យទទួលបានលទ្ធផលគួរជាទីទុកចិត្ត និងឆាប់រហ័ស។
បន្ទះជញ្ជាំង Acotec មានទម្ងន់ស្រាល ដែលធ្វើឲ្យងាយស្រួលប្រើប្រាស់នៅការដ្ឋាន និងដាក់ដំឡើងបានឆាប់រហ័ស។ កត្តាទាំងនេះ រួមផ្សំនិងភាពងាយស្រួលក្នុងដាក់ភ្ជាប់ និងដំឡើង ព្រមទាំងទំហំតូចនៃខ្សែចង្វាក់ផលិតកម្ម បានក្លាយជាកត្តាគន្លឹះមួយសម្រាប់ក្រុមហ៊ុន Xuan Mai ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុនល្បីៗនៅប្រទេសវៀតណាម ព្រោះក្រុមហ៊ុននេះស្វែងរកការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
ខ្សែចង្វាក់ផលិតកម្ម Acotec មិនត្រូវការទីកន្លែងរាបស្មើធំទូលាយនោះទេ។ គេអាចដាក់វានៅក្នុងទីកន្លែងដែលមានស្រាប់ ដែលចំណុចនេះជួយឲ្យការផលិត និងដំឡើងអាចធ្វើទៅបានលឿន ចំណាយពេលតិច។
ជម្រើសដែលងាយស្រួល និងសន្សំសំចៃក្នុងការជំនួសឥដ្ឋ
លោក Son ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Xuan Mai បានលើកឡើងថា សេដ្ឋកិច្ចគឺជាកត្តាសំខាន់មួយទៀតដែលជួយឲ្យក្រុមហ៊ុន Xuan Mai សម្រេចចិត្តបែបនេះដែរ។ ការប្រើបន្ទះ Acotec ធ្វើជាជញ្ជាំងអាចជួយឲ្យក្រុមហ៊ុនសន្សំសំចៃការចំណាយទៅលើកម្លាំងពលកម្ម និងសន្សំសំចៃពេលវេលា។ បន្ទះជញ្ជាំង Acotec អាចធ្វើពីបេតុងលាយទូទៅ ឬអាចធ្វើពីបេតុងលាយជាមួយឥដ្ឋរីកមាឌទម្ងន់ស្រាល ឧទាហរណ៍ វត្ថុធាតុ Leca ដែលអាចរកបានយ៉ាងងាយស្រួលនៅទូទាំងពិភពលោក។
លោក Son បានលើកឡើងថា «ផលិតផលនេះជួយសន្សំសំចៃវត្ថុធាតុដើម និងកម្លាំងពលកម្ម។ ទម្រង់ស្តើង និងលក្ខណៈប្រហោង មិនតាន់ នៃបន្ទះជញ្ជាំង ជួយសន្សំសំចៃថ្លៃចំណាយលើវត្ថុធាតុ ជាងប្រភេទជញ្ជាំងទូទៅដូចជា ជញ្ជាំងធ្វើពីឥដ្ឋ ថ្ម ឬបេតុងខ្យល់ ជាដើម។ ដំណើរការផលិតកម្មទូទៅត្រូវការវត្ថុធាតុដែលមានតម្លៃថ្លៃ ប៉ុន្តែវត្ថុធាតុសម្រាប់ជញ្ជាំងប្រហោងនេះមានដូចជា ស៊ីម៉ង់ ដីខ្សាច់ និងទឹក ដែលមានសម្រាប់ផ្គត់ផ្គង់យ៉ាងច្រើននៅក្នុងប្រទេសវៀតណាម។»
លោកបានបន្ថែមថា «វត្ថុធាតុដែលយកមកប្រើក៏ផ្តល់នូវគុណសម្បត្តិល្អផងដែរដូចជា ភាពធន់នឹងសំណើម ភាពធន់នឹងអគ្គីភ័យ និងការការពារសម្លេងបានយ៉ាងល្អ ឬអ៊ីសូឡង់ទប់សម្លេងល្អ។» អ៊ីសូឡង់ទប់សម្លេងល្អគឺជាចំណុចពិសេសសម្រាប់ក្រុមហ៊ុន Xuan Mai នៅក្នុងការសាងសង់គម្រោងសាធារណៈធំៗ។
លោក Son បានពន្យល់ថា «បន្ទះ Acotec គួរតែត្រូវបានប្រើក្នុងគម្រោងដែលត្រូវការការពារសម្លេង ឬអ៊ីសូឡង់ទប់សម្លេងកម្រិតខ្ពស់ ដូចជា សាលារៀន និងមន្ទីរពេទ្យ។»
អាគារដែលប្រើជញ្ជាំង Acotec ក៏មានអាយុកាលយូរ និងមាំជាប់បានយូរជាងរចនាសម្ព័ន្ធជញ្ជាំងដែលប្រើឥដ្ឋធម្មតាផងដែរ។

ការតម្លើងជញ្ជាំងបេតុងចាក់ស្រាប់ ACOTEC សម្រាប់គម្រោងអគារខុនដូមួយនៅវៀតណាម
ការដំឡើងងាយស្រួល
ឧត្តមភាពនៃផលិតផលនេះជួយឲ្យគម្រោងដំណើរការយ៉ាងរលូន។ ជញ្ជាំងដែលផលិតនៅក្នុងរោងចក្រ មានភាពស្អាតល្អ និងផ្ទៃរលោង ដែលអាចឱ្យគេលាបថ្នាំពណ៌ពីលើយកតែម្តង ដោយមិនចាំបាច់បូកកំបោរពីលើទៀតនោះទេ។ យោងតាមលោក Son «ប្រហោងនៅក្នុងបន្ទះជញ្ជាំងនេះក៏ជាប្រយោជន៍ប្រើប្រាស់សម្រាប់ការតបណ្តាញទឹកដោយងាយស្រួល និងមានភាពបត់បែនផងដែរ។ ការស្ថាបនាប្រព័ន្ធ ME ក៏មានភាពងាយស្រួលដោយសារតែប្រហោងនៅក្នុងជញ្ជាំងនេះផងដែរ។ គេក៏អាចផលិតទៅតាមប្រវែង និងកម្ពស់ដែលត្រូវការនៅក្នុងរោងចក្រ ដោយមិនចាំបាច់វាស់ផ្គូរផ្គងទៅនឹងកន្លែងសាងសង់ផ្ទាល់នោះទេ។
សម្ភារធម្មតានិងមានគុណភាពសម្រាប់ប្រើប្រាស់គឺងាយស្រួលជ្រើសរើស ហើយអាំងតង់ស៊ីតេខ្ពស់ និងរចនាសម្ព័ន្ធដែលមានលក្ខណៈដូចគ្នា អាចធានាបាននូវការព្យួរនូវវត្ថុធ្ងន់ៗដូចជា គំនូរ ទូរទស្សន៍ ឬសូម្បីតែគ្រឿងម៉ាស៊ីនត្រជាក់ដោយគ្មានបញ្ហា។

លោក Bui Khac Son ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Xuan Mai
ប្រាក់ចំណេញនាពេលអនាគត់ត្រូវបានរំពឹងនៅថ្ងៃនេះ
ចាប់តាំងពីដំឡើងខ្សែចង្វាក់ផលិត Elematic’s Acotec មក ក្រុមហ៊ុនបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យានេះទៅលើគម្រោងជាច្រើនដូចជា អគារលំនៅដ្ឋាននិងអគារសាធារណៈ រួមមានគម្រោង Xuan Mai Complex និង Xuan Mai Sparks Tower គម្រោង Vinschool Silk B និងគម្រោង Ecohome Phuc Loi។
លោក Son បានពន្យល់ថា «ជញ្ជាំងប្រហោងនេះមានកំរាស់ត្រឹមតែពី ៦៨មីលីម៉ែត្រ ទៅ ១៤០មីលីម៉ែត្រ ដែលកំរាស់នេះត្រូវបានកាត់បន្ថយយ៉ាងច្រើនបើប្រៀបធៀបនឹងជញ្ជាំងទូទៅ។ ការកាត់បន្ថយកំរាស់ជញ្ជាំងបែបនេះជួយបង្កើនទំហំបរិវេណខាងក្នុងអាផាតមិន ហើយក៏មានន័យថា ជួយបង្កើនប្រាក់ចំណេញសម្រាប់អ្នកសាងសង់ផងដែរ។»
លោក Son បានកត់សម្គាល់ថា «បន្ទះជញ្ជាំងប្រហោងបែបនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក រាប់តាំងពីបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសអាល្លឺម៉ង់ ប្រទេសហ្វាំងឡង់ អេស្ប៉ាញ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ រហូតដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ប្រទេសហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី ដែលនេះមានន័យថា ការរៀនសូត្រនូវបច្ចេកវិទ្យាគឺងាយស្រួល។»
លោក Son បានថ្លែងថា «ចំណុចសំខាន់នៃបច្ចេកវិទ្យានេះគឺស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ ផលិតភាពខ្ពស់ គុណភាពផលិតផលល្អ ហើយត្រូវការកន្លែងតូចសម្រាប់ការផលិត។»
និន្នាការនៃការប្រើប្រាស់វត្ថុធាតុដើមដែលមិនបង្កផលប៉ះពាល់បរិស្ថាន
រហូតដល់ឆ្នាំ ២០២០ តម្រូវការប្រើប្រាស់ឥដ្ឋត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៤០ពាន់លានដុំក្នុងមួយឆ្នាំ។ ប្រសិនបើយើងបំពេញតម្រូវការនេះ ដោយផ្គត់ផ្គង់ឥដ្ឋដុតទូទៅ ឬវត្ថុធាតុស្រដៀងគ្នាផ្សេងទៀត គេនឹងត្រូវប្រើដីកសិកម្មជាច្រើនទៀតសម្រាប់ផលិតកម្មឥដ្ឋទាំងនេះ ហើយគេក៏ត្រូវការបរិមាណផូស៊ីលធ្យូងថ្ម និងអុសជាច្រើនផងដែរ ដែលនេះនៅមិនទាន់គិតដល់ការបំពុលបរិស្ថានដោយផ្ទាល់ ដែលបង្កដោយដំណើរការផលិតឥដ្ឋដុត។ ជាមួយគ្នានេះដែរ វាក៏នាំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងអតុល្យភាពអេកូឡូស៊ី ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ដោយសារហេតុផលទាំងនេះហើយទើបក្រសួងសំណង់របស់ប្រទេសវៀតណាម បានដាក់ចេញនូវគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដើម្បីលុបបំបាត់ការប្រើប្រាស់សម្ភារដែលផលិតចេញពីការដុតដូចជា ឥដ្ឋដុត នៅក្នុងការសាងសង់សំណង់។

