ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI សម្រេចជិត ១០០% ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចបានជិត ១០០%ហើយ នៅសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។
ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធ (Port EDI) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នេះ។
ក្នុងកិច្ចប្រជុំ ក្រុមការងារក៏បានពិភាក្សាលើការពិនិត្យលទ្ធភាពដោះស្រាយបញ្ហានៃការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍប្រព័ន្ធ និងការបណ្ដុះបណ្ដាលពីក្រុមជំនាញការ JICA ដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធនេះនៅកំពង់ផែក្រុងព្រះសីហនុផងដែរ ដែលគ្រោងនឹងធ្វើឡើងនៅមករា ឆ្នាំ២០២២ខាងមុខ។
ទាក់ទិននឹងសំណើរសុំអគ្គិសនី ឯកឧត្តមបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងរៀបចំសំណើដាក់ជូនថ្នាក់ដឹកនាំក្រសួងសុំគោលការណ៍ឯកភាព។
គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។
បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕

