ការផ្តួចផ្តើមអោយមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីសុវត្ថិភាព
ខណៈពេលដែលមានការរីកចំរើនលើការសាងសង់អគារបច្ចុប្បន្ន មានកម្មករសំណង់រាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាប្រថុយជីវិតដើម្បីទទួលបានថ្លៃសេវាការងារប្រចាំថ្ងៃដែលមានតម្លៃតិចជាង ១០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ដើម្បីដោះស្រាយបញ្ហានេះ ការផ្តួចផ្តើមមួយដើម្បីបង្កើតឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីសុវត្ថិភាពសាងសង់ដំបូងគេ កំពុងតែដំណើរការ និងមានការសង្ឃឹមថាអាចចាប់ផ្តើមបណ្តុះបណ្តាលកម្មករនាពេលឆាប់ៗនេះ។
បន្ទាប់ពីបានមើលឃើញភាពខ្វះខាតនៃការបណ្ដុះបណ្ដាលពីសុវត្ថិភាពប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា លោក Stephen Bradley នាយកគ្រប់គ្រងនៅ Bradley and Associates បានផ្តួចផ្តើមឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព ដែលមិនត្រឹមតែកំណត់គោលដៅទៅលើកម្មករសំណង់ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងកម្មករដែលធ្វើការក្នុងវិស័យដទៃទៀតផងដែរ។
ស្ថាប័ន Bradley and Associates ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ នេះ បានផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ និងបណ្ដុះបណ្ដាលប្រកបដោយវិជ្ជាជីវៈនៅក្នុងផ្នែកសុខភាព និងសុវត្ថិភាពមុខរបរ (OHS) និងបញ្ហាទាក់ទងនឹងសុវត្ថិភាពផ្សេងទៀត។
សាលាបណ្តុះបណ្តាលដែលបានស្នើឡើងនេះ ត្រូវបានផ្តួចផ្តើមឡើងដោយការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយរវាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្តង់ដារអគារនៅក្នុងវិស័យសំណង់ រួមទាំងផ្នែកសុខភាព និងសុវត្ថិភាពមុខរបរ (OHS)។ ផែនការនេះត្រូវបានពិភាក្សានៅថ្ងៃទី ០៦ ខែឧសភា នៅក្នុងវេទិកាការសំណង់ជាលើកដំបូងដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) និងសមាគមអ្នកសាងសង់កម្ពុជា (CCA) ដោយផ្តោតលើប្រធានបទ “សុខភាព និងសុវត្ថិភាពការងារនៅការដ្ឋាន”។
បច្ចុប្បន្ននេះ ការងារជាមូលដ្ឋានជាច្រើនរបស់មជ្ឈមណ្ឌល ត្រូវបានដាក់ចុះតាមរយៈការពិភាក្សាដំបូងជាមួយក្រុមហ៊ុនធំៗក្នុងស្រុកដែលគ្រប់គ្រងដោយជនជាតិខ្មែរ ដែលគាំទ្រការផ្តួចផ្តើមនេះ។ ទីតាំងដីនៅក្នុងរាជធានីភ្នំពេញសម្រាប់មជ្ឈមណ្ឌលត្រូវបានជ្រើសរើសរួចហើយ ប៉ុន្តែថវិកាសម្រាប់ការសាងសង់ដែលមិនបានបញ្ជាក់ច្បាស់លាស់ប្រហែលជាទទួលបានពីការផ្តល់ហិរញ្ញប្បទានពីមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាព ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។
ទស្សនៈវិស័យរបស់លោក Bradley គឺផ្លាស់ប្តូរមជ្ឈមណ្ឌលឲ្យទៅជាអង្គភាពមួយទ្រទ្រង់មូលនិធិដោយខ្លួនឯង តាមរយៈកម្រៃពីការបណ្តុះបណ្តាល និងការឧបត្ថម្ភផ្សេងៗទៀត។ Post Property បានដកស្រង់សំដីរបស់លោកថា “គោលបំណងគឺតម្រូវឲ្យរាល់ការបណ្តុះបណ្តាលទាំងអស់ទទួលបានការទទួលស្គាល់ និងបញ្ជាក់ពីរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យស្ដង់ដារជាតិនៅក្នុង OHS ត្រូវបានបង្កើតឡើង”។
Bradley សង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងបើក ហើយផ្តល់ជូនការបណ្តុះបណ្តាលមូលដ្ឋាននៅចុងឆ្នាំ២០១៦។ លោកថែមទាំងបានស្វែងរកការគាំទ្រពីសមាគមអ្នកសាងសង់កម្ពុជា (CCA) ដើម្បីបង្កើតជាក្រុមអ្នកសាងសង់ដែលគ្រប់គ្រងដោយឯកជន ដែលតំណាងឲ្យអ្នកសាងសង់នៅកម្ពុជា។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយម្ម និងសំណង់ ក្នុងនាមតំណាងឲ្យក្រសួងនៅក្នុងសិក្ខាសាលាស្តីពីសំណង់ បានឲ្យដឹងថា ក្រសួងគាំទ្រគំនិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តានេះ ព្រោះថាបញ្ហាសុវត្ថិភាពនៅការដ្ឋានសំណង់ ក៏ជាអាទិភាពចម្បងមួយរបស់ក្រសួងផងដែរ។ ឯកឧត្តមក៏បានថ្លែងផងដែរថា ច្បាប់ក្នុងការសាងសង់ដែលរង់ចាំយូរមកហើយនោះ ត្រូវបានរំពឹងថានឹងអនុម័តនៅចុងឆ្នាំនេះ គ្របដណ្តប់លើបញ្ហាសុវត្ថិភាពនេះដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថា នៅត្រូវការពេលវេលាច្រើនទៀតដើម្បីអនុវត្តច្បាប់នេះ។
លោកបានមានប្រសាសន៍ថា “បញ្ហាសុវត្ថិភាពបានក្លាយជាបញ្ហាចម្បងសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យើងមានក្របខ័ណ្ឌច្បាប់ត្រឹមត្រូវក្នុងការអនុវត្តច្បាប់សាងសង់ ប៉ុន្តែយើងត្រូវការពេលវេលា”។
លោកក៏បានរៀបរាប់ថា ក្រសួងកំពុងតែរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងវិស័យសំណង់ ដោយដកស្រង់យកនូវស្តង់ដារសុវត្ថិភាពអន្ដរជាតិដែលបានកំណត់ដោយបណ្តាប្រទេសអាស៊ីផ្សេងទៀត។ យោងតាមការស្ទង់មតិមួយដោយក្រសួង ឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជាបានបង្កើតការងារប្រមាណ ២០០ពាន់ ទៅ ២៥០ពាន់នាក់ សម្រាប់មនុស្សជាប្រចាំថ្ងៃ។ ប្រហែលជា ៧០ ភាគរយនៃពួកគេធ្វើការលើការនៅការដ្ឋានសំណង់នៅរាជធានីភ្នំពេញ។ កម្មករដែលគ្មានជំនាញអាចរកប្រាក់ចំណូលបានពី ៦ ដុល្លារទៅ ៧.៥ ដុល្លារក្នុងមួយថ្ងៃ ហើយកម្មករដែលមានជំនាញអាចរកបានពី ១២.៥ ដុល្លារទៅ ១៥ ដុល្លារក្នុងមួយថ្ងៃ ខណៈដែលវិស្វករ និងស្ថាបត្យករ អាចរកបានពី៣៥០ ដុល្លារ ទៅ ២,០០០ ដុល្លារក្នុងមួយខែ។

