ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ
បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។
គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ ក្នុងឆ្នាំ ២០២០ មានគម្រោងរហូតដល់ជិត ៤០០០ គម្រោង ក្នុងនោះមានវិស័យលំនៅដ្ឋាន (២៥០០គម្រោង) ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (៧៥០ គម្រោង) និងឧស្សាហកម្ម (៣៥០ គម្រោង)។
ការវិភាគលើអត្រាប្រែប្រួលប្រចាំឆ្នាំ
- 20១៧៖ សរុបគម្រោងចំនួន ២២៥០ ភាគច្រើននាំមុខដោយវិស័យសំណង់បែបលំនៅដ្ឋាន
- ២០១៨៖ កើនឡើងតិចតួចដល់ប្រហែល ២៥០០ ខណៈវិស័យលំនៅដ្ឋាននៅតែបន្តនាំមុខគេ
- ឆ្នាំ ២០១៩៖ មានការហក់ឡើងទៅដល់ប្រមាណ ៤៧៩៣ គម្រោង ដែលបង្ហាញពីការកើនឡើងនៅគ្រប់វិស័យ
- ២០២០៖ ជាឆ្នាំដែលមានចំនួនគម្រោងច្រើនបំផុត គឺជិត ៥000គម្រោង ដែលជំរុញដោយវិស័យលំនៅឋាន សាធារណៈ និងឧស្សាហកម្ម។
- ២០២១-២០២២៖ ការធ្លាក់ចុះបានបន្ត ដោយចំនួនសរុបបានធ្លាក់ចុះមកនៅប្រមាណ ២៧០០ និងគម្រោង ១៥០០ រៀងគ្នា។
- ឆ្នាំ ២០២៣៖ មានការងើបឡើងវិញតិចតួច មានគម្រោងប្រហែល ៣២០៧ ដែលភាគច្រើនជាគម្រោងសំណង់បែបលំនៅដ្ឋាន និងការវិនិយោគសាធារណៈ។
- ឆ្នាំ ២០២៤ (ខែសីហា)៖ ការធ្លាក់ចុះទាបជាងកាលពីឆ្នាំ ២០២៣ ដោយមានគម្រោងចំនួនតែ ២១៩០ ដែលបង្ហាញពីស្ថានភាពទីផ្សារនៅមិនទាន់មានសន្ទុះឡើងវិញនៅឡើយ។
ការអភិវឌ្ឍសំណង់សម្រាប់វិស័យលំនៅឋាននៅតែរក្សាភាពលេចធ្លោ
ពេញមួយរយៈពេលដ៏ច្របូកច្របល់នេះ វិស័យលំនៅឋានគឺជាមូលដ្ឋានគ្រឹះនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា ដែលបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ បើទោះបីជាទីផ្សារ នៅតែមិនទាន់មានភាពអំណោយផលដូចមុនក៏ដោយ។ នៅឆ្នាំ ២០២៤ គម្រោងលំនៅឋាន តំណាងឱ្យប្រហែល ៧៧% នៃការវិនិយោគសរុបដែលបានអនុម័ត ខណៈការវិនិយោគលើវិស័យបែបពាណិជ្ជកម្ម និងទេសចរណ៍នៅតែមានសកម្មភាពតិចតួច បើធៀបនឹងឆ្នាំ ២០១៩ និង២០២០ ចំណែកឯការវិនិយោគលើវិស័យសំណង់សាធារណៈ និងឧស្សាហកម្ម ក៏ចាប់ផ្តើមមានសកម្មភាពខ្លាំងជាងមុន។
វិស័យសំណង់សាធារណៈ ហាក់មិនមានការផ្លាស់ប្តូរច្រើនប៉ុន្មានទេ ត្បិតតួលេខក្នុងឆ្នាំ ២០២០ និង២០២៤ ហាក់មានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែមានចំនួនច្រើនជាងកាលពីឆ្នាំ ២០២១ – ២០២៣។ ទោះយ៉ាងណាក៏ដោយ គម្រោងវិនិយោគលើវិស័យសំណង់ឧស្សាហ៍កម្ម ហាក់មានការកើនឡើងច្រើន ក្នុងឆ្នាំ ២០២៤ ដែលមានប្រមាណជាង ៣០០ គម្រោង កើនឡើងលើសកាលពីឆ្នាំកន្លងទៅ រាប់ចាប់តាំងពីឆ្នាំ ២០២០រៀងមក។ កាលពីកំឡុងឆ្នាំ ២០២០ គម្រោងវិនិយោគលើវិស័យសំណង់ពាណិជ្ជកម្ម មានជិត ១០០០គម្រោង ខណៈឆ្នាំ ២០២៤ មានក្រោម ៥០០ គម្រោង៕

- Video Advertisement -