ការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ
រូបភាពពីគេហទំព័រ Pactics
ចាប់ពីពេលនេះតទៅ ការសាងសង់អគាររោងចក្រថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។
សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត ហ៊ុន សែន ក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។
លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសណង់ បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០នាក់ឡើងទៅ ដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី និងអគារធំៗជាដើម»។
ចំពោះសំណង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ គឺតម្រូវឲ្យមានការរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតសម្រាកពិសារអាហារថ្ងៃត្រង់ដូចគ្នា។



